(បារ៉ែន)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២២ ហើយ បន្ទាប់ពីទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ខណៈប្រកួតចុងក្រោយ បានយកឈ្នះក្រុមជម្រើសជាតិទួកមេនីស្ថាន ២-១ ក្នុងជំនួបបញ្ចប់ពូល A នៅល្ងាចថ្ងៃទី២០ ខែតុលានេះ នៅប្រទេសបារ៉ែន ។

សម្រាប់ជំនួបបញ្ចប់ពូលនេះ បានបញ្ចប់ដោយភាពតានតឹង តែក្រុមកីឡាវាយកូនបាល់កម្ពុជា មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយបានព្យាយាមវាយបក រហូតដណ្ដើមបានជ័យជម្នះ ។ ជំនួបដ៏ស្វិតស្វាញនេះ សម្រាប់វិញ្ញាសាឯកត្តជនដំបូង កីឡាករ ឡុង សំនៀង ត្រូវបានកីឡាករទួកមេនីស្ថាន Rogusskiy, Y. វាយបកយកឈ្នះក្នុងលទ្ធផល ២-១សិត ក្នុងនោះសិតទី១ សំនឿង ឈ្នះពិន្ទុ ៦-៣ ខណៈសិតទី២ និងទី៣ កីឡាករទួកមេនីស្ថានឈ្នះវិញ ដោយពិន្ទុ ៧-៥ និង ៦-៣ ។

ប៉ុន្ដែវិញ្ញាសាឯកត្ដជនទី២ កីឡាករកម្ពុជា ប៊ុន កេន្នី ធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះដាច់ ២-០សិត លើកីឡាករ Orazmuhamedow Meylis ជាមួយពិន្ទុ ៦-១ និង ៦-០ ។ ឈានដល់សិតកាត់សេចក្ដី លើវិញ្ញាវាយគូ ដែលកីឡាករ ប៊ុន កេន្នី ចាប់ដៃគូជាមួយកីឡាករខ្មែរ-អាមេរិក Mathew Krusling ធ្វើបានកាន់តែល្អ ដោយបានបន្ដយកឈ្នះ ២-០សិតដាច់លើក្រុមទួកមេនីស្ថាន ដែលមានកីឡាករ Orazmuhamedow Meylis និង Rogusskiy, Y. ដោយពិន្ទុ ៦-១ និង ៦-១ ដូចគ្នា ។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ឈរកំពូលតារាងពូល A បន្ទាប់ពីឈ្នះ ៣ប្រកួតផ្ទួនៗ ពោលគឺប្រកួតបើកឆាកឈ្នះប៊ូតាន ៣-០ និងប្រកួតទី២ ឈ្នះម៉ុងហ្គោលី ៣-០ មុនបន្ដយកឈ្នះក្រុមខ្លាំងទួកមេនីស្ថាន ២-១ ល្ងាចនេះ ។ ជាមួយការឈរកំពូលតារាងនេះ កម្ពុជា នឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបក្រុមឈរលេខ១ នៃពូល B គឺក្រុមជម្រើសជាតិសិង្ហបុរី ។ វគ្គផ្ដាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនាថ្ងៃទី២២ ខែតុលាចុងសប្ដាហ៍នេះ ខណៈក្រុមឈ្នះ នឹងឡើងទៅក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023 ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ដែលកម្ពុជាចូលរួមពេលនេះ គឺមានបេក្ខភាពចូលរួមសរុប ៩ប្រទេស និងចែកចេញជា ២ពូល ដោយពូល A មាន ៤ក្រុមគឺកម្ពុជា ទួកមេនីស្ថាន ម៉ុងហ្គោលី និងប៊ូតាន ខណៈពូល B មាន ៥ក្រុម គឺម្ចាស់ផ្ទះបារ៉ែន កោះហ្គាំ ឡាវ គុយវ៉ែត និងសិង្ហបុរី ។ បេសកកម្មនេះ ក្រុមកម្ពុជា ដឹកនាំដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕