(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី២ ឆ្នាំ ២០២២ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានរកឃើញក្រុមជ័យលាភីហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញជាង ៣ខែ ដោយក្រុមជើងឯកបានទៅក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិ បន្ទាប់ពីយកឈ្នះក្រុមជើងឆ្នាំចាស់ វិទ្យាល័យឥន្ទ្រទេវី ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ។ រីចំណាត់ថ្នាក់លេខ៣ បានទៅក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ។
ពិធីបិទការប្រកួតក្របខណ្ឌគ្រឹះស្ថានសិក្សានេះ បានធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ អ្វីដែលពិសេស បន្ទាប់ពីចប់ការប្រកួត ក្រុមជ័យលាភីទាំង ៣ក្រុម បានបរិច្ចាគថវិកាចំនួន ១លានរៀលក្នុងមួយក្រុម ចូលរួមចំណែកក្រោមស្មារតី Beyond The Games ក្នុងការប្រើប្រាស់ថវិកាបរិច្ចាគនេះ ចូលរួមក្នុងកិច្ចការសង្គមណាមួយរួមគ្នា ដែលនឹងត្រូវបានកំណត់នៅពេលក្រោយផងដែរ ។
តាមរយៈកាយវិការនេះ បានធ្វើឲ្យមហាជន ដែលជាអ្នកគាំទ្រវិស័យបាល់ទាត់ មានការកោតសរសើរដល់ក្រុមជ័យលាភីដែលមានសណ្តានចិត្តទាញយកវិស័យកីឡា ផ្សាភ្ជាប់ទៅនឹងការចូលរួមក្នុងកិច្ចការងារសង្គម ដែលស្មារតីនេះ គឺជាគម្រូមួយសម្រាប់ការប្រកួតកីឡាផ្សេងៗទៀត ដែលលើពីការគិតគូរដល់ភាពឈ្នះ និងចាញ់ តែជាទឹកចិត្ត ការតស៊ូ ការខិតខំប្រឹងប្រែង ដែលជាកម្លាំងចលកររុញច្រានរហូតទទួលបានភាពជោគជ័យ ជាពិសេសដើម្បីប្រទេសជាតិទាំងមូល ។
គួរដឹងថា យុទ្ធនាការ Beyond The Games គឺជាផ្នែកមួយនៃយុទ្ធនាការរួមរបស់គណៈកម្មាធិការជាតិ CAMSOC ដែលនឹងអនុវត្តដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាដៃគូរបស់ CAMSOC ក្នុងគោលបំណង ដើម្បីបង្កើត និងផ្សារភ្ជាប់ជាមួយមហាជនទូទៅនូវមនោសញ្ចេតនា និងមោទកភាពនៃភាពជាខ្មែរ ទៅនឹងភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ជ័យជម្នះទទួលបានមេដាយ អាចជាគោលដៅចុងក្រោយនៃការប្រកួតកីឡាជាទូទៅ តែភាពជោគជ័យនៃយុទ្ធនាការ Beyond The Games គឺការផ្សារភ្ជាប់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយប្រជាជនកម្ពុជាគ្រប់រូប គ្រប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈឲ្យលើសពីការប្រកួត និងបង្កើតបាននូវអនុស្សាវរីយ៍នៃការចងចាំជាប់ក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាសម្រាប់ភាពជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជានេះ ។
ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ - Hearts Beat in Sync» យុទ្ធនាការ Beyond The Games នឹងផ្សារភ្ជាប់ជាមួយសាធារណជនជាក្រុមគោលដៅ ទាំងមុនព្រឹត្តិការណ៍ (ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣) អំឡុងពេលព្រឹត្តិការណ៍ (ចាប់ពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣) និងក្រោយព្រឹត្តិការណ៍ (ចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៣) នៅក្នុងទម្រង់ឌីជីថលលើប្រព័ន្ធអនឡាញ និងក្នុងទម្រង់រូបវន្តនៅទិដ្ឋភាពខាងក្រៅជាក់ស្តែង។ យុទ្ធនាការ BeyondTheGames នឹងផ្សារភ្ជាប់នាំប្រជាជនកម្ពុជាជាមួយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើសពីការប្រកួត ដោយនឹងធ្វើឱ្យព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ ក្លាយជាមុខមាត់ ជាកេរ្តិ៍ឈ្មោះ និងជាកម្លាំងថាមពល ដែលប្រជាជនកម្ពុជាគ្រប់រូប គ្រប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់ស្រទាប់វណ្ណៈ យកមកដាក់បង្ហាញឲ្យពិភពលោកស្គាល់ និងយល់ដឹងបន្ថែមទៀតពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមដ៏រុងរឿងថ្កុំថ្កើងរបស់កម្ពុជា ។
ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី២ វិញ គឺមានបេក្ខភាព ១២ក្រុមចូលរួម ។ ជាលទ្ធផលជើងឯក បានទៅក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានទទួលពាន ១ អមប្រាក់រង្វាន់ចំនួន ៦០លានរៀល ។ រីឯចំណាត់ថ្នាក់លេខ២ ក្រុមវិទ្យាល័យឥន្ទ្រទេវី បានទទួលប្រាក់រង្វាន់ចំនួន ៤០លានរៀល និងចំណាត់ថ្នាក់លេខ៣ ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ទទួលបានប្រាក់រង្វាន់ ២០លានរៀល ៕