(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់ Aston Villa បានសម្រេចបញ្ចប់តំណែងលោក Steven Gerrad ជាផ្លូវការហើយ ក្រោយចាញ់ម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល ៣ទល់នឹង០ នាយប់មិញនេះក្នុងសប្តាហ៍ទី១១ ជើងទី១ នៃលីគកំពូលអង់គ្លេស Premier League។

នេះជាការបាត់បង់ការងារលើកដំបូងរបស់បុរសសញ្ជាតិអង់គ្លេស ក្នុងនាមជាអ្នកចាត់ការទូទៅនៅ Premier League ដែលបានចូលកាន់តំណែងនេះនៅក្លិប Aston Villa កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសកៅអីលោក Dean Smith។

កំណត់ត្រារបស់បុរសវ័យ ៤២ឆ្នាំ Gerrard ដែលជាអតីតខ្សែបម្រើអង់គ្លេស និងក្លិបហង្សក្រហម Liverpool គឺដឹកនាំ Aston Villa លេងឈ្នះ ១៣លើក ក្នុងចំណោម ៤០ប្រកួតក្នុងរយៈពេលកាន់តំណែង ១១ខែមកនេះ។

អ្នកនាំពាក្យក្លិប Aston បានថ្លែងប្រាប់ BBC ថា «ពួកយើងសូមថ្លែងអំណរគុណដល់លោក Steven ដែលខិតខំបំពេញការងារ និងការប្តេជ្ញាចិត្តជាមួយក្លិបនាពេលកន្លងមក។ ពួកយើងក៏សូមជូនពរដល់លោកជួបប្រទះតែសេចក្តីសុខនាពេលអនាគតផងដែរ»

គួរបញ្ជាក់ផងដែរថា ក្នុងចំណោម ១១ប្រកួតនារដូវកាលថ្មីនេះ Aston Villa លេងឈ្នះតែ ២ប្រកួតប៉ុណ្ណោះនៅ Premier League ដោយឈរនៅក្រៅតំបន់កាត់ចេញពីលីគ ដោយសារតែគ្រាប់បាល់ចំណេញពីការរកបាន ៩ពិន្ទុស្មើក្រុម Wolves ដែលឈរនៅលេខរៀងទី១៨ នោះ៕