(បាសេឡូណា)៖ តារាជើងស៊ុត Robert Lewandowski បានឈានដល់បានគ្រាប់ស៊ុតកើនដល់ ៦០១គ្រាប់ក្នុងអាជីព របស់លោក ក្នុងជំនួបដែល FC Barcelona បំបាក់គូប្រជែង Villarreal ក្នុងលទ្ធផល ៣ទល់នឹង០ មិនឲ្យតដៃរួចយប់មិញនេះ នៃក្របខណ្ឌ La Liga សម្រាប់ជើងទី១ សប្តាហ៍ទី១០។

ក្នុងនោះដែរ ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញខាងលើរកបាននៅត្រឹមគម្លាតតែ ៤នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៣១ និងនាទី៣៥ នៅពេលគ្រាប់ទី៣ ធ្វើបានសម្រេចដោយកីឡាករវ័យក្មេង Ansu Fati នៅនាទី៣៨ ចុងម៉ោងនៃវគ្គទី១ នៅកីឡដ្ឋាន Camp Nou បន្ទាប់ពីពួកគេបានបរាជ័យ ៣ទល់នឹង១ នៅក្នុងផ្ទះរបស់ Real Madrid កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

នេះមានន័យថា Lewandowski រកបាន ១១គ្រាប់ហើយនៅ La Liga នារដូវកាលនេះ ពីការចូលលេងបាន ១០ប្រកួតផងដែរជាមួយក្លិបថ្មី FC Barcelona ហើយក៏កំពុងនាំមុខគេជាបណ្តោះអាសន្នផងដែរ ក្នុងតារាង Top Scorer នៃលីគកំពូលអេស្ប៉ាញមួយនេះ។
Lewandowski វ័យ ៣៤ឆ្នាំទៅហើយនោះ បានក្លាយជាកីឡាករទី៣ គិតចាប់តាំងពីឆ្នាំ២០០០ មកដែលអាចរកគ្រាប់បានលើសពី ៦០០គ្រាប់ បន្ទាប់ពី Lionel Messi និង Cristiano Ronaldo ដែលធ្លាប់ធ្វើបាន។

គិតត្រឹមសប្តាហ៍ទី១០ នេះដែរ ក្រុមអ្នកមានបុណ្យ Barcelona ក៏កំពុងប្រដេញពិន្ទុកំពូលតារាង Real Madrid មកនៅត្រឹម ៣ពិន្ទុប៉ុណ្ណោះនៃពិន្ទុសរុប ២៥ទល់នឹង២៨៕