(ឡុងដ៏)៖ កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីល Gabriel Magalhaes បានសម្រេចកិច្ចព្រមព្រៀងថ្មីមួយទៀត ជាមួយក្លិបកាំភ្លើងធំ Arsenal រហូតដល់ឆ្នាំ២០២៧ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League។ នេះបើតាម BBC ឲ្យដឹងនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។

បុរសវ័យ ២៤ឆ្នាំ ជាខ្សែការពារអន្តរជាតិសាំបាប្រេស៊ីល បានមកចូលរួមជាមួយ Arsenal កាលពីខែកញ្ញា ឆ្នាំ២០២០ ក្នុងរបាយការណ៍បង្ហាញថា មានតម្លៃប្រមាណ ២៣.១៤លានផោន ដោយផ្ទេរពីក្លិបបារាំង Lille ហើយនេះជាការសម្រេចបន្ថែមចំនួន ២ឆ្នាំទៀតក្នុងកិច្ចសន្យាដែលមានពីមុន។

លោក Mikel Arteta អ្នកចាត់ការក្រុមបានលើកឡើងថា «ការធ្វើការជាមួយ Gibi រៀងរាល់ថ្ងៃពិតជាមានភាពរីករាយ។ គាត់ជាកីឡាករវ័យក្មេងមានសីលធម៌ល្អក្នុងការងារ»

គួររំលឹកផងថា Arsenal កំពុងឈរកំពូលតារាងលីគ ដោយរកបាន ២៧ពិន្ទុ និងចុងសប្តាហ៍នេះត្រូវប៉ះ Southampton នៃការប្រជែង ៣ពិន្ទុបន្ត ខណៈខ្សែការពារ Gabriel កំពុងលេងបាន ៨១ប្រកួត និងរកបាន ៩គ្រាប់ជាបណ្តោះអាសន្ន ហើយបច្ចុប្បន្នក៏ស្ថិតក្នុងបញ្ជីនៃជម្រើសជាតិប្រេស៊ីលក្នុងរយៈពេល ១២ខែមកនេះ៕