(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា នៅថ្ងៃទី២២ ខែតុលានេះ បានបើកវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម និងមន្ត្រីបច្ចេកទេស កម្រិតអន្តរជាតិ ឆ្នាំ២០២២ ដើម្បីត្រៀមបម្រើការងារក្នុងការប្រកួតកីឡាជាតិ លើកទី៣ នាចុងខែវិច្ឆិកាខាងមុខ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅសណ្ឋាគារសុខាភ្នំពេញ ខណៈគ្រូឧទ្ទេសប្រចាំវគ្គនេះ គឺលោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអន្តរជាតិ ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ ពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន ៤៨នាក់ចូលរួម ។ គោលបំណង នៃការរៀបចំវគ្គនេះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពរបស់អាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេសហព័ន្ធ ស្រមតាមនិយាមអន្ដរជាតិ ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិ លើកទី៣ ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ។

លោក វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ ចំពោះវគ្គនេះ ដែលមានសិក្ខាកាមជាស្ដ្រីចូលរួម ស្របតាមចលនាកីឡា ត្រូវមានស្ដ្រី ៣០% ដែលជាគោលការណ៍អន្ដរជាតិ ។ បន្ថែមលើនេះ លោកបានបង្ហាញសុទិដ្ឋិនិយមលើមន្ដ្រីបច្ចេកទេសទាំងអស់ ដែលសបញ្ជាក់ឲ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់សហព័ន្ធ សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំក្រោយ ។

យ៉ាងណាមិញលោកបានក្រើនរំឮកបន្ថែម ដល់សហព័ន្ធ ក៏ដូចជាសិក្ខាកាម ដែលជាអាជ្ញាកណ្ដាល ចៅក្រម និងមន្ដ្រីបច្ចេកទេស ត្រូវខិតខំសិក្សាស្វែងយល់ឲ្យបានច្បាស់ពីក្បួនច្បាប់ និងបទបញ្ជាការប្រកួតអន្ដរជាតិ ដើម្បីធានាបានននូវការអនុវត្តប្រកបដោយសុក្រឹត្យភាព និងយុត្តិធម៌ សម្រាប់កីឡាករ-កីឡាការិនីទាំងអស់ ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម ក៏ដូចជាការប្រកួតផ្សេងៗទៀត ៕