(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កំពុងបន្តភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេរបស់កម្ពុជា គឺរោងភាពយន្ត Major Platinum Cineplex ដែលមានការចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok ដើម្បីបន្តភាពជាដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់ក្រុមហ៊ុនកូកា-កូឡា ជូនដល់អ្នកចូលទស្សនាភាពយន្ដ រយៈពេល៥ឆ្នាំបន្តទៀត។

អ្នកចូលទស្សនាភាពយន្តអាចបន្តទទួលបានភាពរីករាយស្រស់ស្រាយជាមួយភេសជ្ជៈដែលផ្តល់ដោយក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅពេលដែលពួកគេទៅទស្សនាភាពយន្តនៅគ្រប់សាខាទាំង៥នៃរោងភាពយន្ត Major Cineplex ៖
១៖ រោងភាពយន្ត Major ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ
២៖ រោងភាពយន្ត Major ផ្សារទំនើបអ៊ីអន ២
៣៖ រោងភាពយន្ត Major សូរិយា រាជធានីភ្នំពេញ
៤៖ រោងភាពយន្ត Major ផ្លាទីនីមខេត្តសៀមរាប
៥៖ រោងភាពយន្ត Major BIG C ខេត្តប៉ោយប៉ែតំ

អ្នកដែលចូលទស្សនានៅរោងភាពយន្ត Major Cineplex ញឹកញាប់ប្រាកដជាបានដឹងហើយថា កូកា-កូឡាដែលជាភេសជ្ជៈពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកនោះ គឺជាដៃគូរបស់រោងភាពយន្ត Major Cineplex។

ដោយសារតែទទួលបាននូវភាពជោគជ័យ ចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយ ក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់រយៈពេល៥ឆ្នាំបន្ថែមទៀត ដើម្បីបន្តផ្តល់នូវភេសជ្ជៈពេញនិយមលំដាប់ពិភពលោកនេះ ទៅកាន់អ្នកទស្សនាភាពយន្តទាំងអស់គ្នា។ ភាពជាដៃគូនេះ គឺជាការចាប់ដៃគូឈ្នះឈ្នះរយៈពេលវែងទៅមុខទៀត ។

លោក David Wigglesworth នាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានថ្លែងថា «អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានពាំនាំមកនូវភាពរីករាយ និងភាព ស្រស់ស្រាយ ដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបក្នុងការបន្តផ្ដល់ភាពស្រស់ស្រាយនេះ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរោងភាពយន្ត Major Cineplex»

លោក David បានពន្យល់បន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនដែលបានឈរជើងនៅកម្ពុជា ជាង៦០ឆ្នាំមកហើយ យើងតែងតែចូលរួមចំណែកធ្វើឲ្យសហគមន៍នេះ កាន់តែប្រសើរឡើង តាមរយៈគំនិតផ្តួចផ្តើមពិភពលោកគ្មានសំរាម ការផ្តល់ទឹកស្អាតជូនសហគមន៍ ការកាត់បន្ថយបំភាយកាបូន និងការចូលរួមជាផ្នែកមួយក្នុងសេដ្ឋកិច្ចឌីជីថល ដែលទាំងនេះសុទ្ធតែជាការចូលរួមចំណែក គាំទ្រដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលរួមរបស់យើងនឹងបន្តទៅមុខទៀត ព្រោះនេះជាមហិច្ចតាដែលយើងបានកំណត់រួចមកហើយ»។

ការបន្តភាពជាដៃគូនេះ បើយោងតាមលោក ជី សិលា ដែលជានាយកក្រុមហ៊ុន Major Cineplex គឺជាការអភិវឌ្ឍដ៏ល្អមួយ ហើយលោកបានសម្តែងនូវក្តីរំភើបរីករាយ ដែលបានធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដើម្បីធ្វើឲ្យអ្នកទស្សនាភាពយន្ដ ទទួលបានអារម្មណ៍កាន់តែស្រស់ស្រាយ ជាមួយ បទពិសោធន៍មើលភាពយន្តកាន់តែល្អប្រសើរ។

យោងទៅតាមសម្តីរបស់ លោក ជី សិលា «យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយក្រុមហ៊ុនភេសជ្ជៈដែលជាអ្នកផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក។ អ្វីកាន់តែពិសេសគឺក្រុមហ៊ុននេះបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះនិរន្តរភាព និងអនាគតជារួម»

លោកបន្ថែមថា «កូកា-កូឡា គឺជាភេសជ្ជៈដែលពេញនិយមរបស់ប្រជាជនកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០។ យើងជឿជាក់ថា កិច្ចសហការរបស់យើងនឹងផ្តល់ឲ្យអតិថិជនទាំងអស់ នូវបទពិសោធន៍កម្សាន្តដ៏ល្អបំផុត និងស្រស់ស្រាយរាល់ពេលដែលពួកគាត់មកមើលកុន»

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) មិនត្រឹមតែផ្គត់ផ្គង់ភេសជ្ជៈកូកា-កូឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នៅមានភេសជ្ជៈដ៏ពេញនិយមជាច្រើនទៀតដូចជា Sprite, Fanta, Schweppes, Dasani, Fuzetea, Samurai, Predator និង Aquarius ផងដែរ៕