(បារ៉ែន)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានទទួលកៅអីកម្រិតទី៣ នៃព្រឹត្តិការណ៍វាយកូនបាល់អន្ដរជាតិ Davis Cup ប្រចាំតំបន់អាស៊ី/អូសេអានីវិញហើយ ក្រោយខកខានអស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីក្រុមកម្ពុជា បានប្រកួតឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកម្រិតទី៤ នៅទីក្រុង Isa Town ប្រទេសបារ៉ែន នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ។

ជំនួបដណ្ដើមកៅអីកម្រិតទី៣ (Davis Cup Asia/Oceania Group III 2023) នេះ បានបញ្ចប់ការប្រកួតដោយតានតឹង បន្ទាប់ពីការប្រកួតបើកឆាក លើវិញ្ញាសាឯកត្តជន កីឡាករកូនកាត់ខ្មែរ-អាមេរិក Mathew Krusling បានប្រកួតចាញ់កីឡាករសិង្ហបុរី Alam Shaheed ដោយលទ្ធផល ២-១សិត (១-៦, ៦-៤ និង ៤-៦ពិន្ទុ)។ ប៉ុន្ដែប្រកួតទី១ លើវិញ្ញាសាឯកត្តជនដដែល ជើងខ្លាំងកម្ពុជា ប៊ុន កេន្នី ធ្វើបានយ៉ាងល្អ ដោយយកឈ្នះកីឡាករ Hobbs Roy ដាច់ក្នុងលទ្ធផល ២-០សិត ជាមួយពិន្ទុ ៦-៣ និង ៦-៣ ដូចគ្នា។

ឈានដល់ការប្រកួតកាត់សេចក្ដី លើវិញ្ញាសាវាយគូ ក្រុមកម្ពុជា រួមមានកីឡាករ ប៊ុន កេន្នី និងសិស្សប្អូន Mathew Krusling បានពួតដៃគ្នាយកឈ្នះក្រុមសិង្ហបុរី កីឡាករ Alam Shaheed និង Lye Ethan Kai Xin ជាមួយលទ្ធផលដ៏តានតឹង ២-០សិត ក្នុងពិន្ទុ ៧-៦ និង ៦-២ពិន្ទុ ដែលជួយឲ្យកម្ពុជា ទទួលបានកៅអីកម្រិតទី៣ នៃ Davis Cup Asia/Oceania Group III 2023 តែម្ដង។

គួរដឹងថា ក្រុមកីឡាវាយកូនបាល់កម្ពុជា បានឡើងកម្រិតទី៣ នៃព្រឹត្តិការណ៍ Davis Cup ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦ មុនធ្លាក់មកលេងកម្រិតទី៤ វិញ ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ មុនដណ្ដើមបានកៅអីកម្រិតទី៣ នៃព្រឹត្តិការណ៍កម្រិតពិភពលោកនេះវិញ នាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួត Davis Cup កម្រិតទី៤ ឆ្នាំ២០២២ នៅប្រទេសបារ៉ែន ដោយមិនស្គាល់បរាជ័យឡើយ ពោលគឺបានយកឈ្នះប៊ូតាន ៣-០, ឈ្នះម៉ុងហ្គោលី ៣-០ និងឈ្នះទួកមេនីស្ថាន ២-១ ក្នុងពូល A មុនទម្លាក់សិង្ហបុរី ២-១ ក្នុងវគ្គផ្ដាច់មុននេះ។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានចាត់ទុកបេសកកម្មក្នុងព្រឹត្តិការណ៍ Davis Cup គឺជាការប្រកួតមួយដ៏សំខាន់ នៃផែនការរបស់សហព័ន្ធ សម្រាប់ការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ក្នុងនោះលោកក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាក្រុមហ៊ុនដៃគូ ដែលបានគាំទ្រដល់សហព័ន្ធ ពិសេសកីឡាករជម្រើសជាតិកម្ពុជាទាំង ៥រូប គឺមានកីឡាករ ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក, ទេព ធីម៉ូធី និង Matthew David Krusling ដែលជាការរួមចំណែកមួយដ៏សំខាន់ ក្នុងជោគជ័យនៃបេសកកម្មខាងលើ៕