(ភ្នំពេញ)៖ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានទទួលជោគជ័យនៃការផ្សព្វផ្សាយអំពីទីផ្សារ និងការបើកគណនីជួញដូរថ្មី នៅក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២២ ដែលមានប្រធានបទ «My First Stock 2022»។ ព្រឹត្តិការណ៍នេះរៀបចំ និងដឹកនាំដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក) រយៈពេល៣ថ្ងៃ ដោយបានបញ្ចប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។
ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានចូលរួមដោយមោទកភាព ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតមាស និងសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ សម្រាប់ក្រុមហ៊ុនក៏ដូចជា សម្រាប់កំណើនទីផ្សារទាំងមូល តាមរយៈការបើកគណនីជួញដូរថ្មីចំនួន៧៣០គណនីជូនវិនិយោគិន ក្នុងរយៈពេល៣ថ្ងៃនេះ។ ទិន្នន័យនេះបញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ជាក្រុមហ៊ុនឈ្មួញជើងសាមូលបត្រដ៏ឆ្នើមបំផុតមួយ។
លោក ជា សុធា អគ្គនាយក និងអភិបាលនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានថ្លែងថា «លទ្ធផលដែលយើងទទួលបានក្នុងពេលនេះ បានបង្ហាញពីការចាប់អារម្មណ៍ និងចំណេះដឹងកាន់តែច្រើនឡើងរបស់សាធារណជន ក្នុងការវិនិយោគមូលបត្រ ដែលនិយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ និងភាគីពាក់ព័ន្ធទាំងអស់ តែងតែព្យាយាមផ្សព្វផ្សាយកន្លងមក។ ជាក់ស្ដែង ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ ផ.ម.ក ជាកត្តាជំរុញដ៏សំខាន់ សម្រាប់ភាពជោគជ័យទាំងក្នុងពេលនេះ និងពេលអនាគត ដែលត្រូវអរគុណឱ្យអស់ពីចិត្ដ»។
លោកបានបន្ថែមទៀតថា «ដោយក្រុមហ៊ុនយើងមានគោលបំណងបង្កើន ការយល់ដឹងអំពីទីផ្សារមូលបត្រឱ្យកាន់តែទូលំទូលាយ និងដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅអំពី សេវាកម្មហិរញ្ញវត្ថុជុំវិញទីផ្សារនៅកម្ពុជា ជាពិសេសវិស័យមូលបត្រដូចជា ភាគហ៊ុន និងប័ណ្ណបំណុល តាមរយៈការចូលរួមពិព័រណ៍នេះ យើងបានជួប ពិភាក្សា ប្រឹក្សាយោបល់ និងគាំទ្រយ៉ាងសកម្មដល់វិនិយោគិនសក្តានុពលទាំងអស់»។
លើសពីនេះទៅទៀត វិនិយោគិនដែលមានចំណាប់អារម្មណ៍ ក្នុងការវិនិយោគភាគហ៊ុន ក៏អាចចុះឈ្មោះស្នើសុំលេខអត្តសញ្ញាណវិនិយោគិន ដោយឥតគិតថ្លៃ ខណៈដែលក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានផ្ដល់ជូនភាគហ៊ុន (១ហ៊ុន) របស់ធនាគារអេស៊ីលីដា ដោយឥតគិតថ្លៃ សម្រាប់វិនិយោគិនដែលបានបើកគណនីជួញដូរ ក្នុងអំឡុងពេលនៃកម្មវិធី ព្រមទាំងបានផ្ដល់ការបញ្ចុះតម្លៃ៥០% លើប្រតិបត្តិការជួញដូរ សម្រាប់វិនិយោគិនដែលបើកគណនីជួញដូរ ជាមួយក្រុមហ៊ុនចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ផងដែរ។
លោក ជា សុធា បានបញ្ជាក់ទៀតថា «ការផ្ដល់ជូនភាគហ៊ុន និងការបញ្ចុះតម្លៃលើប្រតិបត្តិការជួញដូរនេះ គឺសម្រាប់លើកទឹកចិត្តឱ្យអតិថិជន អាចធ្វើពិពិធកម្មផលប័ត្រវិនិយោគបន្ថែម ដើម្បីបង្កើនសេរីភាពហិរញ្ញវត្ថុរបស់ពួកគាត់ តាមរយៈការវិនិយោគដើមទុនជាមួយក្រុមហ៊ុនណាមួយ ដែលបានចុះបញ្ជីក្នុង ផ.ម.ក»។
បន្ថែមពីលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនិយ័តករទីផ្សារ ប្រតិបត្តិករទីផ្សារ អតិថិជន និងអ្នកចូលរួមទាំងអស់ដែលបានជឿទុកចិត្ត លើក្រុមហ៊ុនរបស់ខ្លួន និងបានរួមគ្នាធ្វើឱ្យការតាំងពិព័រណ៍នេះ ទទួលបានជោគជ័យយ៉ាងធំធេង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានសន្យាថា នឹងបន្ដផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈខ្ពស់ និងភាពគួរឱ្យទុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន ព្រមទាំងសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងវិស័យហិរញ្ញវត្ថុអន្តរជាតិផងដែរ៕