(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូកម្រិតមូលដា្ឋនរបស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា បានបញ្ចប់ជោគជ័យ ក្រោយរៀបចំរយៈពេល ៤ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈលោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធ រំពឹងសិក្ខាកាមចូលរួមវគ្គនេះ នឹងមានវត្តមាននៅស៊ីហ្គេម ឆ្នាំ២០២៣ ។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលខាងលើ កាលពីថ្ងៃទី២៤ ខែតុលា លោកបណ្ឌិត សេង ប៊ុនសុង លើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ត្រូវបន្ដសិក្សាស្វែងយល់ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនបន្ថែម ដើម្បីមានឱកាសចូលរួមរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកដំបូងនៅកម្ពុជា ។ លោកថា នេះគឺជាឱកាសសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការកសាងស្នាដៃ និងបន្សល់នូវកេរ្ដិ៍ឈ្មោះក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។
ប្រមុខសហព័ន្ធដដែលបន្ថែមថា ក្នុងនាមអ្នកដឹកនាំ មិនថាអាជ្ញាកណ្ដាល គ្រូបង្វឹក ក៏ដូចជាមន្ដ្រីបច្ចេកទេសនោះទេ ត្រូវគោរពឲ្យបាននូវវិន័យ គ្រប់សកម្មភាព និងទង្វើរបស់ខ្លួន ដើម្បីបង្ហាញភាពជាអ្នកដឹកនាំគំរូល្អដល់អ្នកក្រោមឱវាទ។ លោកថា «ពេលនេះ មន្ត្រីអាជ្ញាកណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ គឺអ្នកដឹកនាំហើយៗ ក្នុងនាមជាអ្នកកាត់សេចក្តី ក្នុងពេលប្រកួតត្រូវពង្រឹងស្មារតីកាត់សេចក្តីឲ្យមានភាពសុក្រឹត យុត្តិធម៌ ឲ្យស្របតាមស្មារតីកីឡា»។
លោក សៀន សុភក្ត្រ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ មានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែតុលា ដោយមានសិក្ខាកាមចូលរួម ៤៩រូប ដែលចែករំលែបទពិសោធន៍ និងចំណេះដឹងដោយគ្រូឧទ្ទេស ៥រូប ក្នុងនោះមានគ្រូឧទ្ទេសខ្មែរ ២នាក់ ថៃម្នាក់ ហូឡង់ម្នាក់ និងអាមេរិកម្នាក់ ដោយផ្តោតសំខាន់លើ ៥មុខសំខាន់ៗ រួមមានអាជ្ញាកណ្តាល Ne-Waza គ្រូបង្វឹក Coach Fighting System អាជ្ញាកណ្តាល Duo Show គ្រូបង្វឹក Coach Duo Show និងមេរៀន Sport Data៕