(ភ្នំពេញ)៖ នៅសល់ជាង ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងមកដល់ ពោលគឺនឹងដំណើរប្រកួតផ្លូវការពីថ្ងៃទី១៩-៣០ ខែវិច្ឆិកាខាងមុខ ខណៈគណៈកម្មាធិការជាតិ CAMSOS រំពឹងមានមនុស្សប្រមាណ ៥ម៉ឺននាក់ នឹងចូលរួមអបអរសាទរពិធីបើក-បិទព្រឹត្តិការណ៍ដ៏ធំ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបល់ត្រៀមរៀបចំពិធីបើក-បិទកីឡាជាតិ លើកទី៣ រវាងភាគីពាក់ព័ន្ធ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា ការប្រកួតកីឡាជាតិ គឺរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈ NOCC និង CAMSOC ជាអ្នកសហការ ដើម្បីជំរុញឲ្យការប្រកួតកីឡាដ៏ធំថ្នាក់ជាតិនេះ ដំណើរការដោយរលូន ស្របតាមលំនាំស្ដង់ដារអន្ដរជាតិ ពិសេសពិធីបើក-បិទ ដែលជាពិសោធន៍មួយដ៏សំខាន់ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។ ក្នុងនោះលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់នូវការបញ្ជាក់ជាច្រើនជុំវិញការត្រៀមរៀបចំនេះដែរ ។

លោកបន្ដថា «យើងបានបែងចែកការងារគ្នា និងបានរួមគ្នាធ្វើកិច្ចការនេះ ដោយ NOCC ជាអ្នកទទួលបន្ទុកក្នុងការរៀបចំព្រមទាំងពិធីសម្តែងកីឡា-សិល្បៈ នៃពិធីបើក-បិទទាំងមូល។ កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់ទៅលើនីតិវិធី និងររៀបរបបនៃការរៀបចំកីឡាជាតិដែលមានកិច្ចការជាច្រើន ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងការរៀបចំ ការប្រកួត និងសន្តិសុខ សណ្តាប់ឆ្នាប់ជាដើម ដែលមានអ្នកចូលរួមប្រមាណ ៥ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ» ។

ចំពោះកិច្ចការរបស់ CAMSOC ក៏ត្រូវបានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ផ្តល់ការណែនាំជាអនុសាសន៍ឲ្យគណៈកម្មការជំនាញត្រូវខិតខំសហការជួយដល់ព្រឹត្តិការណ៍ជាតិ លើកទី៣នេះ ឲ្យទទួលបានជោគជ័យ ដើម្បីជាជំហានថ្មីមួយកាន់តែជាក់ច្បាស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះផងដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

លោកបានសង្កត់ធ្ងន់ថា «នេះជាការប្រមូលផ្តុំមនុស្សជិត ៥ម៉ឺននាក់ ដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខសុវត្ថិភាពឲ្យបានល្អប្រសើរ។ អ្វីដែលពាក់ព័ន្ធ គឺការប្រកួតកីឡាជាតិលើកទី៣នេះ ដែលមានស្ថាប័ន រាជធានីខេត្តទាំងអស់ត្រៀមចូលរួមប្រកួតប្រជែងមេដោយ ដោយមានប្រតិភូកីឡារាជធានីខេត្ត ចន្លោះពី ៦០០០ ទៅ ៧០០០នាក់។ ការចូលរួមក្នុងចំនួនមនុស្សដ៏ច្រើននេះ គឺមានលក្ខណៈដូចគ្នានឹងការរៀបចំដូចស៊ីហ្គេម ផងដែរ ដោយការរៀបចំត្រូវការមនុស្សច្រើនជួយជ្រោមជ្រែងលើកិច្ចការទូទៅឲ្យបានគ្រប់ជ្រុងជ្រោយ»៕