(ភ្នំពេញ)៖ បុរី ហ្គោលដេន ផាក បានរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ ដោយបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ (អង្ករ មី ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកដោះគោ) និងថវិការដើម្បីសាង់សងផ្ទះដល់ដល់កុមារកំព្រានៅមណ្ឌលមែកឈើ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ បុរី ហ្គោលដេន ផាក បានរៀបចំកម្មវិធី ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ជូន មជ្ឍមណ្ឌលផ្តល់ឈាមម្តង់រួចមកហើយ។ នេះជាកម្មវិធីសប្បុរសធម៌លើកទី២ ដែលបុរី ហ្គោលដេន ផាក បានរៀបចំឡើងក្នុងគោលបំណង់ជួយដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរ។

បន្ទាប់ពីទទួលបានដំណឹង អំពីភាពខ្វះខាតរបស់កុមារកំព្រាដែលរស់នៅក្នុងមណ្ឌលមែកឈើ ដែលសព្វថ្ងៃមានកុមារកំព្រាជាង១២៣នាក់ រស់នៅដោយជួបផលលំបាក តាមរយៈការបង្ហោះលើផេករបស់ ប្រធានមណ្ឌលមែកឈើ លោក ភាន់ ផល្លា ភ្លាមនោះ ក្រុមការងាររបស់បុរី ហ្គោលដេន ផាក បានចុះទៅត្រួតពិនិត្យផ្ទាល់ដល់មណ្ឌលមែកឈើ ហើយក៏បានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។

លោក ភាន់ ផល្លា ប្រធានមណ្ឌលមែកឈើ បានថ្លែងថា ថ្ងៃនេះជាថ្ងៃមួយដ៏អស្ចារ្យដែលកុមារកំព្រារទាំងជាង១២៣នាក់ នៅក្នុងមណ្ឌលមែកឈើ ដែលបានទទួលអំណោយឧបត្ថម្ភគ្រឿងឧបភោគបរិភោគ។

លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់បុរី ហ្គោលដេន ផាក ដែលបានចូលរួមកម្មវីធីសប្បុរសធម៌នេះ ហើយលោកក៏សំណូមពរឱ្យក្រុមហ៊ុនដទៃទៀតមេត្តាជួយឧបត្ថម្ភដូច បុរី ហ្គោលដេន ផាក ផងដែរព្រោះពួកគេក៏ត្រូវការភាពកក់ក្តៅ និងការទំនុកបម្រុងដូចក្មេងដទៃផងដែរ៕