(ប៉ារីស)៖ តារាជើងស៊ុត Lionel Messi បានក្លាយជាកីឡាករដំបូងគេ ក្នុងប្រវត្តិសាស្រ្តពានអឺរ៉ុប UFFA Champions League ដែលរកបាន ៨០គ្រាប់នៃវគ្គពិន្ទុក្នុងពូល ស្របពេលជួយក្លិប Paris Saint-Germain សម្រាប់បំណងឡើងទៅវគ្គ ១៦ក្រុមចុងក្រោយផងដែរ នៅក្រោយពេលបំបាក់គូប្រជែង Maccabia Haifa ៧ទល់នឹង២។

២គ្រាប់នៅយប់មិញនេះដែរ បានធ្វើឲ្យប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើ កើនដល់ ៨០គ្រាប់នៅ UCL នៃវគ្គសន្សំពិន្ទុក្នុងពូល នៅពេលដែលរូបគេវីសនឹងរកបានហែតទ្រីក (៣គ្រាប់) លើកទី៩ទៅហើយ នៅពេលស៊ុតផុតដៃអ្នកចាំទី ទៅប៉ះចំរបារទីខាងលើផងដែរ។

តែយ៉ាងណាក្លិបបារាំង Paris Saint Germain ក៏បានឡើងទៅវគ្គ ១៦ក្រុម Champions League 2022-23 ជាលើកទី១១ ក្នុងពានរង្វាន់ធំនេះដែរ ដ្បិតគូប្រជែងដ៏ធំក្នុងពូល H សេះបង្កង់ Juventus ធ្លាក់ចេញត្រឹមវគ្គនេះក្នុងប្រកួតទី៥ ជើងទី២។

ស្ថិតក្នុងការប្រកួតខ្សែប្រយុទ្ធ Lionel Messi និង Mbappe រកបានម្នាក់ពី ២គ្រាប់ ជាមួយការស៊ុតរបស់ Neymar និង Carlos Soler បានម្នាក់ ១គ្រាប់ រួមទាំងគ្រាប់បាល់ចំណេញដែលធ្វើឲ្យចូលទីខ្លួនឯង Goldberg គ្រាដែលក្រុមភ្ញៀវ Maccabi Haifa រកបាន ២គ្រាប់ដោយកីឡាករ Seck។

ស្ថិតក្នុងពូល H លទ្ធផលជាបណ្តោះអាសន្នពីការឆ្លងកាត់ប្រកួតទី៥ ក្រុមខ្លាំងមកពីលីគបារាំង PSG រកបាន ១១ពិន្ទុស្មើជាមួយក្លិប Benfica ដែលមានកៅអីឡើងវគ្គបន្ត ដែលមាន Juventus និង Maccabi Haifa កំពុងមានត្រឹម ៣ពិន្ទុស្មើគ្នា និងជ្រុះចេញត្រឹមវគ្គចែកពូលនេះ ដ្បិតនៅសល់ ១ប្រកួតទៀត ត្រូវប្រជែងយកកៅអីលេងពាន UEFA Europa League៕