(ទីក្រុងប៉េកាំង)៖ បន្ទាប់ពីចាប់ដៃគូរសហការជាមួយក្រុមហ៊ុនផលិតអាគុយ BYD Co កាលពីពេលថ្មីៗកន្លងទៅនេះ ពេលនេះក្រុមហ៊ុន Toyota កំពុងប្រកាសពីការមកដល់រថយន្តខ្នាតតូចរបស់ខ្លួនដែលដំណើរការដោយអាគុយ BYD ហើយនឹងត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសចិនឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានឱ្យដឹងថា រថយន្តដែលគ្រោងនឹងចេញលក់នេះមានឈ្មោះថា Toyota bZ3 ដែលវាគឺជាម៉ូដែលរថយន្តទី២ ដែលស្ថិតនៅក្នុងត្រកូលរថយន្តប្រើអាគុយអគ្គិសនី ស៊េរីថ្មី Beyond Zero ឬហៅថា «bZ»។

ប្រភពពីអ្នកនាំពាក្យម្នាក់បានឱ្យដឹងថា Toyota គ្រោងដាក់បង្ហាញរថយន្ត bZ3 ដែលប្រើប្រាស់អាគុយ Blade របស់ BYD នៅឯពិពណ៌រថយន្តនៅទីក្រុងប៉េកាំងតាំងពីខែមេសាមកម្លេះ ក៏ប៉ុន្តែដោយសារតែជំងឺរាតត្បាត Covid-19 កំពុងផ្ទុះឡើងម្តងទៀតទើបព្រឹត្តិការណ៍ដាក់បង្ហាញនោះត្រូវបានលុបចោល និងពន្យាពេលរហូតមកដល់បច្ចុប្បន្ននេះ។

តែយ៉ាងណាប្រភពមិនទាន់បានបញ្ជាក់ពីការមកដល់ និងដាក់លក់នៅក្នុង Showrooms ប្រទេសចិនពេលណានោះទេ ខណៈដែលដំណឹងនេះត្រូវបានគេរំពឹងថា យ៉ាងលឿនក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ៕