(ភ្នំពេញ)៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ គឺជាផ្នែកមួយ នៃផែនការឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីសហព័ន្ធបានរៀបចំលើ ១៣វិញ្ញាសា និងសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើម ៦៤រូប ព្រមទាំងមន្ដ្រីបច្ចេកទេសជាង ៣០នាក់ចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់នេះ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតថ្នាក់ជាតិខាងលើចាប់ផ្ដើមពីថ្ងៃទី២២-២៧ ខែតុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។ ការប្រកួតនេះ ទាំងរៀបចំវិញ្ញាសាប្រកួត កីឡាករ-កីឡាការិនីចូលរួម និងមន្ដ្រីបច្ចេកទេស ត្រូវបានយកចិត្តទុកដាក់ដូចគ្នា ពិសេសការអភិវឌ្ឍន៍សមត្ថភាពដល់កីឡាករ-កីឡាការិនី ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣ ខាងមុខ។

លោកថា មកទល់ពេលនេះសហព័ន្ធបានសម្រេចគោលដៅ២ រួចមកហើយ ទី១-ការដណ្ដើមមេដាយស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងទី២-ការដណ្ដើមមេដាយប្រាក់ជើងឯកអាស៊ី នៅថៃ កាលពីថ្មីៗ។ ប៉ុន្ដែផែនការមេធំចុងក្រោយ គឺធ្វើយ៉ាងណាសម្រេចឲ្យបាននូវសន្ទស្សន៍មេដាយមាស ១គ្រឿង ដែលដាក់ចេញដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

យ៉ាងណាមិញ ការប្រកួតក្របខណ្ឌថ្នាក់ជាតិ ក៏ដូចជាសមិទ្ធផលកន្លងមក នៅមិនទាន់គ្រប់គ្រាន់សម្រាប់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធ ដើម្បីឈានទៅសម្រេចគោលដៅនាឆ្នាំ២០២៣ នោះទេ។ ហេតុនេះសហព័ន្ធត្រៀមនឹងបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់ និងប្រកួតនៅក្រៅប្រទេសឲ្យបានច្រើនបន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងគុណផលកីឡាកាន់តែខ្ពស់ សម្រាប់ឈានឆ្ពោះទៅដណ្ដើមមេដាយមាសជូនជាតិឲ្យបាន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ណយ ផាណា។

គួរដឹងថា កីឡាកាយសម្ព័ន្ធ បានបើកទំព័រប្រវត្តិសាស្ដ្រលើកដំបូង នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកចុងក្រោយ នៅវៀតណាម កាលពីខែឧសភាកន្លងទៅ ដោយដណ្ដើមបានមេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ១គ្រឿង។ សមិទ្ធផលនេះបានក្លាយជាកម្លាំងចលករដ៏សំខាន់ ជំរុញឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនីកាន់តែខំប្រឹង ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ៕