(បរទេស)៖ បន្ទាប់ពីចេញផ្សាយរបាយការណ៍ប្រាក់ចំណូលបឋមក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សជុំវិញពិភពលោកកំពុងនាំគ្នាត្អូញត្អែររឿងប្រាក់ចំណូលធ្លាក់ចុះជាគំហុក។ ដោយឡែកការប្រកាសរបស់ Google ថ្មីនេះក៏មិនខុសពីក្រុមហ៊ុនយក្សផ្សេងដែរ ជាពិសេសនោះគឺប្រាក់ចំណូលដែលរកបានពីការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ YouTube កំពុងធ្លាក់ចុះលើសពីការរំពឹងទុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា ជាលទ្ធផលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម YouTube បានធ្លាក់ចុះខ្ទង់ពី ២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះ YouTube រកចំណូលបានត្រឹមតែ ៧.០៧ពាន់លានដុល្លារដែលជាចំនួនធ្លាក់ចុះដ៏ខ្លាំងមួយបើធៀបនឹងចំណូល ៧.២១ពាន់លានដុល្លារដែលរកបានកាលពីឆ្នាំមុន។ ខណៈលទ្ធផលនេះផ្ទុយពីការរំពឹងទុករបស់ Google ដែលរំពឹងថា YouTube អាចនឹងរកបានដល់ ៧.៤២ពាន់លានដុល្លារ ដែលកើនឡើងខ្ទង់ ៣ភាគរយពីឆ្នាំមុន។

ទន្ទឹមនឹងការធ្លាក់ចុះប្រាក់ចំណូលរបស់ YouTube ត្រូវបានប្រភពគូសបញ្ជាក់ថា ក្រៅពីបញ្ហាជំងឺរាតត្បាត Covid-19 វាជាលើកទី១ ហើយដែលផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មធ្លាក់ចុះបែបនេះចាប់តាំងពីឆ្នាំ២០១៣ មក។ តែយ៉ាងណាបើក្រឡេកទៅមើលចំណូលរបស់ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google និង YouTube វិញក៏កំពុងតែប្រឈមមុខនឹងការខាតបង់ខ្លាំងដែរ ពោលគឺធ្លាក់ចុះពីលទ្ធផល ៤១ភាគរយឆ្នាំមុន មកនៅត្រឹម ៦ភាគរយប៉ុណ្ណោះសម្រាប់ឆ្នាំនេះ ទាំងនេះក៏ដោយសារតែវិបត្តិសេដ្ឋកិច្ចដែលបណ្តាលឱ្យក្រុមហ៊ុនធំៗជាច្រើនមិនហ៊ានចំណាយប្រាក់លើការផ្សព្វផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត។

ទាក់ទិននឹងបញ្ហានេះបើយោងតាមលោក Philipp Schindler ដែលជាប្រធានផ្នែកធុរកិច្ចរបស់ Google បាននិយាយថា ចំពោះការធ្លាក់ចុះនេះបណ្តាលមកពីហេតុផលមួយចំនួនរួមមាន ការធានារ៉ាប់រង ប្រាក់កម្ចី កម្ចីទិញផ្ទះ និងរូបិយប័ណ្ណគ្រីបតូជាដើម។

គិតមកទល់ពេលនេះភាគហ៊ុនរបស់ Alphabet បានធ្លាក់ចុះក្រោម ៩៧ដុល្លារក្នុងមួយហ៊ុន ដែលជាលទ្ធផលដ៏អាក្រក់បំផុតមួយបើធៀបនឹងឆ្នាំមុនៗខ្ទង់ ២៨ភាគរយ៕