(បរទេស)៖ ថ្មីៗនេះសហភាពអឺរ៉ុបបានដាក់ចេញច្បាប់ថ្មីជាផ្លូវការដែលតម្រូវឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់ប្តូរទៅប្រើរន្ធសាក USB-C។ ដើម្បីឆ្លើយតបទៅនឹងច្បាប់ថ្មីនេះទីបំផុត Apple បានបញ្ជាក់ជាលើកដំបូងថា ខ្លួននឹងអនុវត្តតាមបទប្បញ្ញត្តិថ្មី ដោយដាក់ឱ្យប្រើប្រាស់រន្ធ USB-C នៅគ្រប់ផលិតផល iPhone របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal លោក Greg Joswiak ប្រធានផ្នែកទីផ្សាររបស់ Apple បាននិយាយថា ក្រុមហ៊ុន Apple នឹងជំនួសកន្លែង Lightning Port ដែលជាការសម្រេចចិត្តស្របទៅតាមច្បាប់ថ្មីរបស់សហភាពសអឺរ៉ុប។ ខណៈលោកបានបង្ហើបឱ្យដឹងថា រូបលោក និងក្រុមហ៊ុន Apple ទាំងមូលមិនបានសប្បាយចិត្តនឹងការផ្លាស់ប្តូរនោះទេ។

យ៉ាងណាមិញនៅក្នុងអំឡុងពេលសន្និសីទ Tech Live របស់ Wall Street Journalc លោក Joswiak បានគូសបញ្ជាក់ថា រន្ធ USB-C នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងប្រទេសអឺរ៉ុប ហើយ «ជនជាតិអឺរ៉ុបគឺជាអ្នកកំណត់ពេលវេលាសម្រាប់អតិថិជនអឺរ៉ុបទាំងអស់»។ បន្ថែមពីនេះ លោកមិនបានបញ្ជាក់លម្អិតនោះទេថាតើការផ្លាស់ប្តូរនឹងកើតឡើងនៅពេលណានោះទេ ប៉ុន្តែបើតាមរបាយការណ៍កន្លងមក Apple ធ្លាប់លើកឡើងថាខ្លួនមានបំណងដាក់ឱ្យប្រើប្រាស់ USB-C សម្រាប់ iPhone 15 ខាងមុខនេះ៕