(ភ្នំពេញ)៖ បន្ទាប់ពីការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា(CPL) បានបញ្ចប់ការប្រកួតជុំទី៣ ដែលនាំឲ្យក្រុមចំនួន ៤ ត្រូវកាត់ចេញ បានធ្វើឲ្យលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ថ្លែងពីការលំបាកក្នុងការជ្រើសរើសកីឡាករ សម្រាប់ត្រៀមការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នាចុងឆ្នាំនេះ តែលោកនឹងផ្ដោតសំខាន់លើបេក្ខភាព Top-4 នៃលីគកំពូល ។
បុរសវ័យ ៣៦ឆ្នាំរូបនេះ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាអស់សូវមានពេលច្រើនទេ សម្រាប់ការប្រមូលផ្ដុំ ដោយគិតពីឥលូវសល់ពេលប្រមាណ ៦សប្ដាហ៍ទៀតប៉ុណ្ណោះ រហូតដល់ការប្រកួតជើងអាស៊ីអាគ្នេយ៍នាពេលខាងមុខ ។ ម្យ៉ាងក្លិបចំនួន ៤ ត្រូវអស់សកម្មភាពប្រកួត បន្ទាប់ពីចប់លីគជុំទី៣ រួមមានក្រុមណាហ្គាវើលដ៏ កងយោធពលខេមរភូមិន្ទ អង្គរថាយហ្គឺរ និងក្រុមគិរីវង់សុខសែនជ័យ ។
លោកថា «យើងពិបាកក្នុងការជ្រើសរើសកីឡាករពីក្លិប ៤ ខាងក្រោម ។ ខ្ញុំប្រហែលជាអាចមានការហ្វឹកហាត់ខ្លះជាមួយក្រុមជម្រើសជាតិ ប៉ុន្ដែដូចនិយាយអ៊ីចឹង ការប្រកួត និងការហ្វឹកហាត់ វាមានភាពខុសគ្នាក្នុងការជ្រើសរើស ។ និយាយជារួម ការជ្រើសរើសកីឡាករលើកនេះ ផ្ដោតសំខាន់លើ ៤ក្រុមខាងលើច្រើន ក្នុងការជ្រើសរើសកីឡាករ ដែលមានសកម្មភាពការប្រកួតផ្លូវការ រហូតដល់យើងប្រមូលផ្ដុំ» ។
សម្រាប់បេក្ខភាព Top-4 នៃលីគកំពូលកម្ពុជា ដែលជាមុខសញ្ញាសម្រាប់លោក Keisuke Honda សម្លឹងមើលកីឡាករ រួមមានព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និងបឹងកេត ។ ចំពោះការជ្រើសរើស និងប្រមូលផ្ដុំជម្រើសជាតិនេះ លោកមិនទាន់បញ្ជាក់ពីពេលវេលានោះទេ គ្រាដែលការប្រកួតជើងឯក AFF Mitsubishi Electric Cup 2022 គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី២០ ខែធ្នូ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ខាងមុខ ៕