(បរទេស)៖ កម្មវិធីប្រឡងសម្រស់និងសមត្ថភាពដ៏ធំបំផុតមួយ ក្នុងចំណោមកម្មវិធីបវរកញ្ញាជាច្រើនទៀត គឺ «Miss Grand Inernational 2022» ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ បានបង្កការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើនជុំវិញពិភពលោក។ កម្មវិធីនេះ ក៏រកឃើញកញ្ញាឯកដែលជាម្ចាស់គ្រងមកុដផងដែរ គឺបានទៅលើកញ្ញា Isabella Menin មកពីប្រទេសប្រេស៉ីល ខណៈនាងអាចនិយាយបានរហូតដល់ទៅ៥ភាសា និងរៀនចប់ដល់ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុផងដែរ។
ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ Isabella Menin ដែលជាបវរកញ្ញាតំណាងប្រទេសប្រេស៉ីល ត្រូវបានប្រកាសថា ជាអ្នកឈ្នះគ្រងកមុដនៃការប្រកួតកម្មវិធី Miss Grand International លើកទី១០ ដែលបានយកឈ្នះបេក្ខនារីមកពី ៦៧ប្រទេស ខណៈបវរកញ្ញាតំណាងប្រទេសថៃ ទទួលបានចំណាត់ថ្នាក់រងទី១ បវរកញ្ញាតំណាងប្រទេសឥណ្ឌូណេស៊ី បានចំណាត់ថ្នាក់រងទី២ ប្រទេសវេណេហ្សុយអេឡា បានចំណាត់ថ្នាក់រងទី៣ និងសាធារណៈរដ្ឋឆេក បានចំណាត់ថ្នាក់បវរកញ្ញារងទី៤។
តើនរណាជា Isabella Menin?
Isabella Menin បានទទួលតំណែងជា Miss Grand Brazil ក្នុងខែកក្កដា ឆ្នាំ២០២២នេះ មុនពេលនាងចូលរួមប្រកួតថ្នាក់អន្តរជាតិ ដែលធ្វើនៅប្រទេសឥណ្ឌូនេស៉ី និងទទួលបានជ័យជំនះក្លាយជាម្ចាស់កមុដ Miss Grand International 2022។ ធំធាត់ឡើងនៅក្នុងរដ្ឋ Sao Paulo នៃប្រទេសប្រេស៉ីល តារាម៉ូដែលស្រីរូបនេះ អាចនិយាយបានជាច្រើនភាសារួមមានដូចជា អង់គ្លេស, បារាំង, ព័រទុយហ្គាល់, អេស្ប៉ាញ់ និងអ៉ីតាលី។
មានអាជីពជាតារាម៉ូដែល និងជាសហគ្រិនក្នុងវ័យ២៦ឆ្នាំ Miss Grand International 2022 រូបនេះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអង់គ្លេសផ្នែកសេដ្ឋកិច្ច និងបញ្ចប់ការសិក្សារអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ។
គួរជម្រាបថា សម្រាប់អាជីពជាតារាម៉ូដែលវិញ កញ្ញា Isabella Menin ចាប់ផ្តើមឡើងតាំងពីវ័យ៣ឆ្នាំមកម្ល៉េះ ដែលនេះជារបៀបធ្វើឲ្យមហាជនស្គាល់និងដឹងពីសមត្ថភាពរបស់នាងកាន់តែខ្លាំង។ នាងក៏ត្រូវបានគេដឹងថា ជាអ្នកបង្កើតគម្រោង Beyond Project ជាអង្គការដែលមានគោលបំណងជួយដល់សមាគមសម្រាប់ជនពិការផងដែរ៕