(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាវជ្រាវ និងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយ បានចែកចាយផលិតផលរបស់ខ្លួននៅកម្ពុជា អស់រយៈពេលជិត ៤ ទសវត្សរ៍មកហើយ កំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួន ជាមួយនឹងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។
នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុនប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។
លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថBailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ញើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើម បរិច្ចាគឱសថរបស់ខ្លួនផងដែរ។
ក្រុមហ៊ុនបរិច្ចាគថ្នាំមួយចំនួនរបស់ខ្លួន ដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។
ថ្លែងក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា «ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថជាច្រើនប្រភេទដែលសុទ្ធសឹងជាផលិតផលឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើងមានសុទិដ្ឋិនិយមថាកិច្ចសហការរបស់យើងជាមួយនឹងក្រុមហ៊ុន Zuellig Pharma នឹងមានរយៈពេលយូរអង្វែង និងមានភាពរីកចម្រើន គឺមិនមែនសម្រាប់តែពួកយើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ»។
លោកបានគូសបញ្ជាក់ទៀតថា «យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផលឪសថរបស់យើង ដែលយើងបាននឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះមានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ របស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។
ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងពិភពលោក។
មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creatបើកដំណើការនៅឆ្នាំ ១៩៧២ ។
ការបញ្ចូលគ្នារវាង មន្ទីរពិសោធន៍ Bailly និង មន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។
ក្រុមហ៊ុនឱសថ Bailly Creatត្រូវបានគេទទួលស្គាល់លើជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូវ ថ្នាំគ្រាប់ និងអាហារបំប៉ន ។
ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថBailly Creatផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ប្រទេស។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាន និងកំពុងធ្វើទីផ្សារដាក់បង្ហាញ នូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយ ក្នុងការតបស្នង តាមរយៈគំនិតផ្តួចផ្តើមនៃការផ្តល់ជំនួយ ជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្ត ដែលនឹងជួយប្រជាជនកម្ពុជាជាច្រើន ក្នុងការព្យាបាលជំងឺរបស់ខ្លួន៕