(អាមេរិក)៖ បន្ទាប់ពីស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ ទៅបោះជំហានប្រឡូងក្នុងជំនួញ បង្កើនប្រេនសម្លៀកបំពាក់ និងគ្រឿងសំអាង រហូតក្លាយជាមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ និងមានកូនម្នាក់រួចហើយនោះ នៅពេលនេះ តារាចម្រៀងល្បីឈ្មោះ Rihanna ត្រូវបានរាយការណ៍មកថា កំពុងតែមានការរំពឹងខ្ពស់ វិលមករកវិស័យសិល្បៈឡើងវិញ ក្នុងសប្តាហ៍នេះតែម្តង។ នេះបើតាមករចេញផ្សាយ របស់សារព័ត៌មាន International The News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
បើគេនៅចាំមិនភ្លេច គឺរយៈពេល៦ឆ្នាំហើយ ដែលតារាស្រីវ័យ៣៤ឆ្នាំរូបនេះ មិនបានបញ្ចេញចម្រៀងថ្មីៗ។ តែយ៉ាងណា នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រភពបានបញ្ជាក់ថា បទចម្រៀងថ្មីរបស់នាងនឹងបញ្ចេញឡើង ដែលមានចំណងជើងថា «Life Me Up» ដែលនឹងមាននៅលើបទភ្លេងសម្រាប់រឿងវគ្គ Marvel «Black Panther: Wakanda Forever»។ កត្តានេះត្រូវបានគេដឹងថា ជាស្នាដៃចម្រៀងដំបូងរបស់ Rihanna ហើយ ចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីចម្រៀង «Love on the Brain»។
គួរជម្រាបថា ដំណឹងនៃការចេញបទចម្រៀងរបស់ Rihanna គឺកើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី NFL បានប្រកាសថា Rihanna នឹងធ្វើជាប្រធានកម្មវិធី Super Bowl នៅអំឡុងខែកុម្ភៈខាងមុខ ដែលជាការវិលត្រឡប់មកឆាកតន្ត្រីវិញ បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ៕