(បរទេស)៖ បន្ទាប់ពីកើតមានសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ក្រុមហ៊ុនបច្ចេកវិទ្យានៅទូទាំងពិភពលោកនាំគ្នាបញ្ឈប់ប្រតិបត្តិការក្នុងប្រទេសរុស្ស៊ី ជាពិសេសនោះគឺក្រុមហ៊ុនលោកខាងលិចបានដាក់ការរឹតបន្តឹងជាខ្លាំងលើប្រទេសនេះ។ ឥឡូវនេះក្រុមហ៊ុនលោកខាងលិចមួយទៀតគឺ Merceds-Benz មិនត្រឹមតែបំណងបញ្ឈប់ប្រតិបត្តិការទេ តែលើកនេះប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមាននៅក្នុងប្រទេសរុស្ស៊ីតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TAIPEI TIMES នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មរុស្ស៊ីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈ Telegram ថាក្រុមហ៊ុនអាល្លឺម៉ង Mercedes-Benz មានបំណងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រុស្ស៊ីទៅឱ្យអ្នកវិនិយោគក្នុងស្រុកមួយដែលមានឈ្មោះថា Avtodom។ ខណៈការលើកឡើងនេះបង្ហាញថាក្រុមហ៊ុនអាល្លឺម៉ង់ដ៏ធំមួយនេះ នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយបង្អស់ដែលចាកចេញពីប្រទេសរុស្ស៊ីចាប់តាំងពីប្រទេសនេះបានវាយលុកអ៊ុយក្រែន។

តែយ៉ាងណាប្រភពមិនបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេថា តើ Mercedes-Benz នឹងលក់ភាគហ៊ុនក្នុងតម្លៃប៉ុន្មាននោះ។ ដោយឡែកប្រភពបានបង្ហើបឱ្យដឹងថា ការដកខ្លួនចេញពីទីផ្សាររុស្ស៊ីកើតឡើងបន្ទាប់ពីក្រុមហ៊ុន Nissan Motor Co របស់ប្រទេសជប៉ុនបានប្រកាសពីការខាតបង់ប្រមាណ ៦៨៧លានដុល្លារក្នុងការបន្តអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសនេះ ហើយបន្ទាប់មក Nissan ក៏បានប្រកាសជាថ្មីក្នុងការលក់ទ្រព្យសម្បត្តិរបស់គេទៅជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ី។

តាមការបញ្ជាក់របស់លោក RUS Natalya Koroleva ដែលជាអគ្គនាយកក្រុមហ៊ុន Mercedes-Benz បានលើកឡើងទាក់ទិននឹងការចាកចេញពីរុស្ស៊ីថា «ការបំពេញកាតព្វកិច្ចដល់អតិថិជននៅក្នុងប្រទេសរុស្ស៊ី…ក៏ដូចជាការរក្សាការងារសម្រាប់បុគ្គលិកនៃផ្នែករុស្ស៊ីរបស់ក្រុមហ៊ុន» គឺជាអាទិភាពក្នុងការបញ្ចប់កិច្ចព្រមព្រៀងទិញលក់ភាគហ៊ុនជាមួយក្រុមហ៊ុន Avtodom ៕