(ភ្នំពេញ)៖ អតីតតារាសម្ដែងល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា នៅពេលនេះកំពុងជួបទុក្ខធំ ខណៈដែលអ្នកម្ដាយរបស់នាង បានទទួលមរណភាពដោយសារជំងឺទឹកនោមផ្អែម, លើសឈាម និងជំងឺបេះដូង ក្នុងវ័យ៧៩ឆ្នាំ កាលពីវេលាម៉ោង២៣៖៤១នាទី យប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ។ អ្វីដែលមហាជនសម្ដែងក្ដីអាណិតអាសូរចំពោះ សឿ សុធារ៉ា នៅពេលនេះ គឺនាងបានជួបនូវបញ្ហាខ្វះខាតយ៉ាងខ្លាំង បន្ទាប់ពីជួបប្រទះនូវបញ្ហាផ្ទួនៗគ្នាជាច្រើន ទាំងរឿងគ្រួសារ និងជំនួញរកស៊ី ជាពិសេសបញ្ហាលុយកាក់រឿងលេងតុងទីន រហូតធ្វើឲ្យនាងធ្លាក់ដុនដាប សូម្បីតែលុយធ្វើបុណ្យសពម្ដាយក៏ខ្វះខាត។

តាមរយៈបណ្ដាញសង្គមផ្លូវការ របស់តារាសម្ដែងជើងចាស់លោក សាវិន ហ្វីលីព បានបង្ហាញឲ្យដឹងនៅព្រឹកនេះថា នៅពេលនេះ ម្ដាយបង្កើតរបស់អតីតតារាសម្ដែង សឿ សុធារ៉ា បានទទួលមរណភាពហើយ កាលពីយប់មិញនេះ ហើយសពកំពុងតែតម្កល់ធ្វើបុណ្យក្នុងវត្តវិហារត្រាញ់ ស្ថិតនៅក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (តាមបណ្ដោយផ្លូវជាតិលេខ២ ខាងត្បូងរង្វង់មូលកួរស្រូវ ប្រមាណ៨០០ម៉ែត្រ)។

អតីតតារាសម្ដែង សឿ សុធារ៉ា បានថ្លែងទាំងទឹកភ្នែកអាឡោះអាល័យសោកស្ដាយជាពន់ពេកថា ម្ដាយរបស់នាងបានខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមនាង និងបងប្អូនតាំងពីតូចរហូតដល់ធំ ដោយបានលះបង់គ្រប់យ៉ាង ដើម្បីកូនៗ។ កន្លងមក នៅពេលដែលនាងមានជីវភាពធូរធា នាងបានខិតខំព្យាបាលជំងឺមើលថែម្ដាយអស់រយៈពេលជាង២០ឆ្នាំមកហើយ ពោលគឺមិនឲ្យម្ដាយលំបាកឡើយ។ ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងនិងគ្រួសារបានជួបប្រទះនូវបញ្ហាជាច្រើន បានធ្វើឲ្យរូបគាត់ (ម្ដាយ) បានដឹងហើយពិបាកចិត្ត គិតច្រើន ហើយរូបនាងក៏ខ្វះខាត ទើបមិនសូវបានមើលថែដិតដល់ រហូតធ្វើឲ្យមានថ្ងៃសោកស្ដាយជាខ្លាំងបែបនេះ។

ដំណឹងនៃមរណភាពរបស់ម្ដាយអតីតតារាសម្ដែង សឿ សុធារ៉ា នៅពេលនេះ អាចចាត់ទុកថាជាដំណឹងដ៏ក្រៀមក្រំ សម្រាប់អ្នកសិល្បៈធ្លាប់រួមអាជីព ក៏ដូចជាញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកនូវមរណៈទុក្ខតាមកម្លាំងសទ្ធាជ្រះថ្លា ខណៈដែលនាងកំពុងតែជួបប្រទះនូវការខ្វះខាត ដោយសូម្បីថវិកាធ្វើបុណ្យសព៕