(ភ្នំពេញ)៖ លោកបណ្ឌិត ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជំរុញឲ្យអ្នកបង្កើតអាជីវកម្មថ្មី ត្រូវធ្វើយ៉ាងណាបង្កើតម៉ាកសញ្ញាជារបស់ខ្លួនឯង ចៀសវាងការចម្លងពីដទៃ និងទៅចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្មសិទ្ធិបញ្ញាស្របច្បាប់។

លោកបណ្ឌិត ឈួន ដារ៉ា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ក្នុងពិធីបើកពិព័រណ៍មុខរបរ ឆ្នាំ២០២២ (Startup Expo 2022) នៅទីតាំង Factory Phnom Penh រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ ដោយមានម្ចាស់អាជីវកម្មជាច្រើនចូលរួម និងមានក្រុមហ៊ុនប្រមាណ៦០ ចូលរួមដាក់បង្ហាញផលិតផលនៅតាមស្តង់អាជីវកម្មរៀងៗខ្លួន និងមានការចែកសៀវភៅពាក់ព័ន្ធនឹងការធ្វើជំនួញចំនួន ៣ពាន់ក្បាល រួមទាំងមានការចែករំលែកបទពិសោធន៍អាជីវកម្មពីមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

លោកបណ្ឌិត ឈួន ដារ៉ា បានថ្លែងថា អ្នកបង្កើតអាជីវកម្មថ្មីៗ ឬអ្នកមានបំណងនឹងបង្កើតអាជីវកម្មថ្មីៗ ត្រូវគិតគូពីការបង្កើតម៉ាកសញ្ញា ឬពាណិជ្ជសញ្ញាដែលជារបស់ខ្លួនឯង និងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានកម្មសិទ្ធិបញ្ញាស្របច្បាប់ ក៏ដូចជាចៀសវាងនូវការជាន់ឈ្មោះនូវម៉ាកសញ្ញាពាណិជ្ជកម្មតែមួយជាមួយនឹងអាជីវកម្មផ្សេងទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការជាអ្នកជួយជ្រោមជ្រែងលើការងារនេះ និងជួយរកទីផ្សារលក់ផលិតជូនផងដែរ។

ជាមួយគ្នានោះ ក្រៅពីការគាំទ្រចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍នេះ លោក ឈួន ដារ៉ា បានបញ្ជាក់ថា ការបង្កើតមុខរបរជាមួយនឹងម៉ាកសញ្ញាដោយខ្លួនឯង គឺមានសារសំខាន់ខ្លាំង ខណៈកម្ពុជាកំពុងមានកេរ្តិ៍ឈ្មោះល្អក្នុងការផលិតទំនិញ ដែលជំរុញដល់ការប្រកួតប្រជែង និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ជាមួយគ្នានោះ បើតាម លោក សំ កុសល ស្ថាបនិកក្រុមហ៊ុនបក្សីមេឌា​ និងជាអ្នកផ្តួចផ្តើមបង្កើតការតាំងពិព័រណ៍មុខរបរនេះ បានបញ្ជាក់ដែរថា មកដល់ពេលនេះមានក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន បានរៀបចំពិព័រណ៍មុខរបរ ដើម្បីជំរុញអ្នកបង្កើតអាជីវកម្មថ្មីៗ ដើម្បីឱ្យទទួលបានចំណេះដឹង និងបទពសោធន៍ក្នុងការប្រកបអាជីវកម្ម។ ពិព័រណ៍មុខរបរ បានធ្វើឡើងគោលបំណងបង្កើតឱកាសដល់អ្នកមានបំណងបង្កើតអាជីវម្មថ្មីៗ ក៏ដូចជាអ្នកទើបបង្កើតមុខរបរថ្មី ឱ្យទទួលបានចំណេះដឹង និងបទពសោធន៍ក្នុងការប្រកបអាជីវកម្មពីម្ចាស់អាជីវកម្មដែលទទួលបានជោគជ័យរួចហើយ។

លោក សំ កុសល បានបន្ថែមទៀតថា ការរៀបចំឱ្យមានពិព័រណ៍នេះ ដើម្បីបំផុសនូវគំនិតរកស៊ីថ្មីៗដល់អ្នកទើបរកស៊ីថ្មីៗ និងអ្នកមានបំណងបង្កើតអាជីវម្ម ដើម្បីឱ្យពួកគាត់មានគំនិតចាប់ផ្តើមមុខរបរនៅថ្ងៃមុខ។ តាមរយៈពិព័រណ៍នេះ អ្នកមិនទាន់មានមុខរបរពិតប្រាកដ ក៏នឹងឈានទៅបង្កើតមុខរបរដោយខ្លួន ដោយសារពួកគាត់ មានឱកាសជួបជាមួយម្ចាស់អាជីវកម្មទាំងចាស់ ទាំងថ្មី ដែលបានចែករំលែកបទពសោធន៍ក្នុងអាជីវកម្មផងដែរ៕