(ភ្នំពេញ)៖ ជំនួបបើឆាកវគ្គ ៤ក្រុមចុងក្រោយ (Top-4) នៃក្របខណ្ឌលីគកំពូលកម្ពុជា (CPL) សុទ្ធតែបានបញ្ចប់ដោយភាពតានតឹង និងគួរឲ្យចាប់អារម្មណ៍ ដោយក្រុមម្ចាស់ផ្ទះសុទ្ធតែទទួលបានជ័យជម្នះ ក្នុងនោះបឹងកេត បានវាយបកឈ្នះព្រះខ័នរាជស្វាយរៀង ២-១ និងក្រុមភ្នំពេញក្រោន បានបំបែកកំណត់ត្រាយកឈ្នះក្រុមវិសាខា លើកដំបូងក្នុងក្របខណ្ឌលីគកំពូល ដោយលទ្ធផល ៤-៣។

សម្រាប់ជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ស្វាយរៀងបានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ Clyde Oconnell នៅនាទី៣៤។ លុះចូលវគ្គទី២ បន្ទាប់ពីលេងបានប្រមាណ ១០នាទី បឹងកេតក៏រកបានគ្រាប់តាមស្មើវិញ ដោយខ្សែការពារ Zabihi Taher នៅនាទី៥៤ មុនខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា បន្ថែមគ្រាប់ទី២ នៅនាទី៦៥ ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមនាគខៀវតែម្ដង។

រីឯជំនួបដ៏កក្រើកនៅកីឡដ្ឋាន Smart RSN វិញ ត្រឹមរយៈពេល ៣៣នាទី ភ្នំពេញក្រោន បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវវិសាខា ៣គ្រាប់មុន ដោយកីឡាករ Fareed Sadat នៅនាទី១១ និងនាទី៣៣ និងកីឡាករ លឹម ពិសុទ្ធ នៅនាទី២៧។ បន្ទាប់មកទើបវិសាខា វាយបកបាន ២គ្រាប់វិញ មុនបញ្ចប់វគ្គទី១ ដោយកីឡាករ Paulo Victor នៅនាទី៣៤ និងនាទី៤២។ ចូលវគ្គទី២ វិសាខា បានតាមស្មើក្រុមសិង្ហក្រហមវិញ ពីការទាត់បាល់ហ្វ្រីឃីតរបស់កីឡាករ Mirzaev Alisher នៅនាទី៧៦។

យ៉ាងណាក្ដី ឱកាសទទួលបានពិន្ទុបន្ថែម សម្រាប់ក្រុមវិសាខា ត្រូវបាត់បង់ ក្រោមថ្វីជើងកីឡាករកូឡុំប៊ី Andres Nieto ដែលស៊ុតបាល់ប៉េណាល់ទីបន្ថែមគ្រាប់បាល់ទី៤ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៨៣ បន្ទាប់ពីអាជ្ញាកណ្ដាលពិន័យ ខ្សែការពារវ័យក្មេងវិសាខា ឡេង ណូរ៉ា ដែលយកដៃប៉ះបាល់ក្នុងប្រអប់ទី។ គ្រាប់បាល់ប៉េណាល់ទីហើយ ដែលជួយភ្នំពេញក្រោន បំបែកកំណត់ត្រាមិនស្គាល់ឈ្នះវិសាខា ក្នុងក្របខណ្ឌលីគកំពូល ក្រោយអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយភ្នំពេញក្រោន យកឈ្នះវិសាខា ៤-៣។

សូមរំឮកថា ភ្នំពេញក្រោន និងវិសាខា មានប្រវត្តិជួបគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា សរុបចំនួន ១២លើក រួមទាំងការប្រកួតថ្ងៃនេះ បើគិតពីឆ្នាំ២០១៨ ដែលវិសាខាឡើងមកលេងក្របខណ្ឌលីគកំពូល តែទើបតែប្រកួតចុងក្រោយនេះប៉ុណ្ណោះ ដែលភ្នំពេញក្រោន អាចយកឈ្នះក្រុមមានមូលដ្ឋាននៅជិតគ្នានេះ ពោលគឺជួបគ្នា ១២លើក វិសាខា ឈ្នះ ៤ ស្មើ ៧ និងចាញ់ ១។

តាមរយៈលទ្ធផលថ្ងៃនេះដែរ គេឃើញឱកាសប្រជែងពាន CPL សម្រាប់បេក្ខភាព Top-4 កាន់តែតានតឹងខ្លាំង ដ្បិតក្រុមនីមួយៗ នៅសល់ ៥ប្រកួតក្នុងដៃទៀត។ បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង ដោយរក្សា ៤៦ពិន្ទុក្នុងដៃ តាមពីក្រោយដោយក្រុមវិសាខា ដែលឈរលេខ២ មាន ៤០ពិន្ទុ ខណៈក្រុមឈរលេខ៣ និងលេខ៤ មានពិន្ទុប្រកៀកប្រកិតគ្នា ពោលគឺភ្នំពេញក្រោន បន្ដឈរលេខ៣ មាន ៣៩ពិន្ទុ និងបឹងកេត ឈរលេខ៤ មាន ៣៨ពិន្ទុ៕