(ភ្នំពេញ)៖ ប្រព័ន្ធនៃការគ្រប់គ្រងវិស័យការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាសឹងតែទាំងស្រុង គឺជាតួនាទីរបស់ក្រសួង និង មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតាមបណ្ដាខេត្ត/ក្រុង ដូចជាផ្នែកមួយនៃសេចក្ដីប្រកាសជូនដំណឹងស្ដីអំពីចលនាបុគ្គលិក ក៏ត្រូវបានគ្រប់គ្រងដោយក្រសួង និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ ដើម្បីគ្រប់គ្រងចំនួនកម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានត្រឹមត្រូវ និងមានភាពងាយស្រួល គឺតម្រូវឱ្យម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ សហការក្នុងការធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាចេញចូលកម្មករនិយោជិតរបស់ខ្លួនមកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលជីវៈ ដែលជាទីតាំងក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗស្ថិតនៅឱ្យបានដឹង។

ដូច្នេះតើអ្វីទៅជាសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិកចូល? ដើម្បីឱ្យកាន់តែយល់ច្បាស់អំពីសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិក សម្រាប់សប្ដាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «សេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិក (ចូល) ចំពោះកម្មករនិយោជិតខ្មែរ» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ។

យោងតាមស្មារតីនៃមាត្រា ២១ នៃច្បាប់ស្ដីពីការងារ បានបញ្ញត្តិថា នៅពេលដែលម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ បានធ្វើការជ្រើសរើសកម្មករនិយោជិតថ្មី ឬបានទទួលយកកម្មករនិយោជិតដែលធ្លាប់បានធ្វើការនៅទីកន្លែងណាមួយមកធ្វើការនៅកន្លែងរបស់ខ្លួន គឺម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកជាលាយលក្ខណ៍អក្សរ ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃដែលទទួលឱ្យធ្វើការ។ ដោយឡែកចំពោះសហគ្រាស គ្រឹះស្ថាន ធ្វើការងារកសិកម្មវិញ ច្បាប់បានទុករយៈពេល ៣០ (សាមសិប) ថ្ងៃ ដើម្បីធ្វើការជូនដំណឹងមកក្រសួង ឬមន្ទីរ។

សេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកខាងលើនេះនឹងមិនត្រូវយកមកអនុវត្តនោះទេ ចំពោះករណីដូចខាងក្រោម ៖

*ការងារម្ដងម្កាលដែលមានថិរវេលាជាប់គ្នាមិនលើសពី ៣០ (សាមសិប) ថ្ងៃ
*ការងារធ្វើឈប់ៗ ដែលថិរវេលាពិតប្រាកដសំរាប់ការងារនេះមិនលើសពី ៩០ (កៅសិប) ថ្ងៃ នៅក្នុងរយៈពេល ១២ (ដប់ពីរ) ខែបន្តបន្ទាប់គ្នា។

ត្រឡប់មកវិញ ក្រោយពីបានធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិករួចហើយ ម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ត្រូវយកសេចក្ដីប្រកាសជូនដំណឹងនេះ ទៅចុះបញ្ជិកានៅនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះកម្មករនិយោជិតដែលបម្រើការងារនៅរាជធានីភ្នំពេញ ដោយឡែកចំពោះកម្មករនិយោជិតដែលនៅតាមបណ្ដាខេត្ត/ក្រុង ត្រូវយកទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតាមខេត្ត/ក្រុង ដែលខ្លួនបំពេញការងារនោះ ក្នុងរយៈពេលមិនឱ្យលើសពី ៧ (ប្រាំពីរ) ថ្ងៃ ក្រោយពេលដែលបានធ្វើសេចក្ដីប្រកាសជូនដំណឹងនេះរួច។

ជាការសម្រួល ក៏ដូចជាការជំនួសពីការទៅផ្ទាល់ដល់ក្រសួង ឬមន្ទីរ គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់សេវាសាធារណៈពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយក្នុងប្រព័ន្ធនេះមានដំណើរការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្មករនិយោជិតជនជាតិខ្មែរដែលអាចរកបាននៅ គេហទំព័រ www.lacms.m lvt.gov.kh។ មានន័យថា ការធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិកចូលរបស់កម្មករនិយោជិតជនជាតិខ្មែរ អាចស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ដោយគ្រាន់តែបំពេញនូវរាល់ព័ត៌មានតម្រូវទាំងអស់ និងអនុវត្តតាមលក្ខខណ្ឌនីមួយៗដែលមានកំណត់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ LACMS ក្នុងករណីដែល បានបំពេញព័ត៌មានបានត្រឹមត្រូវហើយនោះ អ្នកនឹងទទួលបានបច្ចុប្បន្នភាពទិដ្ឋាការ ចូលលើសៀវភៅការងារ និងសេចក្ដីប្រកាសជូនដំណឹងអំពីចលនា ចូល ក្នុងទំម្រង់ឌីជីថលក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃធ្វើការ។

ក្នុងករណីដែលម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ពុំបានធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីបុគ្គលិកនៅពេលដែលទទួលបុគ្គលិកឱ្យធ្វើការនោះទេ នោះម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងទទួលពិន័យស្របតាមទោសបញ្ញត្តិ ដូចដែលបានកំណត់ក្នុងមាត្រា ៣៦៣ ដោយត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៣១ (សាមសិបមួយ) ថ្ងៃ ទៅ ៦០ (ហុកសិប) ថ្ងៃ នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ ដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារ។

សរុបសេចក្ដីមក ការធ្វើសេចក្ដីប្រកាសជូនដំណឹងស្ដីពីចលនាបុគ្គលិក ចូលចំពោះកម្មករនិយោជិតខ្មែរ ក្នុងគោលបំណងសម្រាប់កំណត់ឱ្យបានពីចំនួនរបស់កម្មករនិយោជិត និងកំណត់អំពីអតីតភាពការងាររបស់ពួកគាត់ ហើយបច្ចុប្បន្ននេះ កាន់តែមានភាពងាយស្រួលដល់ម្ចាស់ ឬនាយកក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងស្ថាប័ននីមួយៗ ពុំចាំបាច់ទៅស្នើសុំប្រកាសផ្ទាល់នៅក្រសួង ឬមន្ទីរការងារនោះទេ គឺក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ អាចធ្វើការប្រកាសចលនាចូលរបស់កម្មករនិយោជិតជនជាតិខ្មែរតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានគេហទំព័រ www.lacms.mlvt.gov.kh បានយ៉ាងងាយស្រួល៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោកស្រី យ៉េ នីតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ/Cambodia International Cooperation Law Group.