(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបញ្ចប់ហើយ ដោយក្រុមវិសាខា បានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-១៧, ២៥-១៨ និង ២៥-១៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ នៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍។

ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ។ លោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ ដែលជាសញ្ញាណមួយដ៏ល្អ ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះជាតិឆ្ពោះទៅរកស្ដង់ដារអន្ដរជាតិ ពិសេសពង្រឹងក្រុមជម្រើសជាតិកម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ការរៀបចំពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៤ រួមមាន៖

១-ជាផែនការមួយ ក្នុងការធ្វើឲ្យកីឡាបាល់ទះកម្ពុជា កាន់តែមានគុណភាពខ្ពស់ និងឈានទៅរកស្ដង់ដារកម្រិតពិភពលោក។
២-ពង្រឹងវិស័យកីឡាបាល់ទះឲ្យមានសក្ដានុពល និងធ្វើឲ្យបាល់ទះជ្រាបចូលក្រអៅបេះដូង ក្នុងស្រទាប់យុវជន និងរួមចំណែកធ្វើឲ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងចៀសឆ្ងាយពីការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
៣-បង្កើនកម្រិតសមត្ថភាពឲ្យកាន់តែប្រសើរឡើង សម្រាប់ត្រៀមការប្រកួតសំខាន់ៗនានា ពិសេសជ្រើសរើសកីឡាករចូលជម្រើសជាតិ សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
៤-ពង្រឹងក្រុមជម្រើសជាតិឆ្ពោះទៅឈ្នះមេដាយមាសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្ដរជាតិនានា។

បន្ថែមលើនេះ លោកបានសម្ដែងសេចក្ដីរីករាយ ចំពោះលទ្ធផលទាំងអស់ និងបានអបអរដល់ក្រុមទទួលបានជយលាភី ពិសេសក្រុមជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិគុយបា និងសិង្ហបុរី ក្នុងជំនួបមិត្តភាពអន្ដរជាតិ កំលុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខាងលើ ។ លោកនាយឧត្តមសេនីយ៍ បានបង្ហាញសុទិដ្ឋិនិយមថា «ជ័យជម្នះនេះ បង្ហាញឲ្យឃើញពីសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជារបស់យើង ហើយធ្វើឲ្យខ្ញុំមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងធ្វើបានល្អ អាចមានឱកាសឈានទៅដណ្ដើមមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ»។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការបានបញ្ជាក់ថា ការប្រកួតបាល់ទះពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែតុលា ដោយមានបេក្ខភាព ១១ក្រុមចូលរួម ។ ជាលទ្ធផលក្រោយដំណើរការប្រកួតអស់កន្លះខែ ក្រុមបាល់ទះវិសាខា បានគ្រងជើងឯក អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ខណៈក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស អមប្រាក់រង្វាន់ ៣ពាន់ដុល្លារ បន្ទាប់ពីយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដោយលទ្ធផល ៣-១សិត កាលពីម្សិលមិញ៕