(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) របស់ Telegram លោក Pavel Durov បានប្រកាសថាក្រុមហ៊ុនកំពុងលុបចោលផែនការរកប្រាក់របស់ខ្លួនបន្ទាប់ពីមានការជំទាស់ពី Apple ជុំវិញការអនុញ្ញាតឱ្យ Content Creator អាចប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់របស់នៅលើ Telegram។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

លោក Pavel Durov បានបង្ហោះនៅលើបណ្តាញ Telegram របស់លោកនៅថ្ងៃទី២៨ ខែតុលាថា «Apple ហាក់មិនសប្បាយចិត្តនឹងផែនការរបស់ក្រុមហ៊ុនក្នុងការអនុញ្ញាតឱ្យអ្នកផលិតមាតិកា «Content Creator» អាចរកប្រាក់ពីការបង្ហោះរបស់ពួកគេ ជាមួយនឹងការប្រើប្រព័ន្ធទូទាត់របស់ Telegram ជំនួសឱ្យ Apple»

ដោយឡែកទាក់ទិននឹងបញ្ហានេះ Apple បានដាក់ចេញច្បាប់ថ្មីមួយដែលតម្រូវឱ្យរាល់អ្នកផលិតមាតិកានៅឧបករណ៍ iOS ទាំងអស់ត្រូវតែបង់ពន្ធប្រមាណ ៣០ភាគរយដល់ខ្លួន។

ខណៈការដាក់ចេញច្បាប់នេះលោក Pavel Durov បានចោទប្រកាន់ Apple ថាបានបំផ្លាញក្តីសុបិន និងកម្ទេចសហគ្រិនជាមួយនឹងពន្ធ App Store របស់ខ្លួន ដែលទាមទារកម្រៃជើងសារខ្ពស់ចន្លោះពី ១៥ ទៅ ៣០ភាគរយ ដល់ Apple សម្រាប់ការប្រើប្រាស់នៅលើដំណើរ iOS។ លើសពីនេះទៅទៀតលោកបានអំពាវនាវដល់និយតករក្នុងសហភាពអឺរ៉ុប ឥណ្ឌា និងជុំវិញពិភពលោកឱ្យ «ចាប់ផ្តើមចាត់វិធានការ» មុនពេល Apple បំផ្លាញក្តីស្រមៃរបស់អ្នកផលិតមាតិកាកាន់តែច្រើន។

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ ទេដែលនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Telegram ធ្វើការប្រឆាំងតបនឹង Apple។ ដោយឡែកកាលពីខែសីហាកន្លងទៅនាយកប្រតិបត្តិរូបនេះក៏ធ្លាប់បានរិះគន់ប្រឆាំងនឹង Apple ទៅលើច្បាប់ App Store នេះម្តងរួចទៅហើយ៕