(បរទេស)៖ បន្ទាប់ពីទទួលដំណឹងពីកាសែត The New York Times អំពីគម្រោងបញ្ឈប់បុគ្គលិក Twitter នៅថ្ងៃទី០១ ខែវិច្ឆិកា ក្នុងចំនួនដ៏ច្រើន ឥឡូវនេះម្ចាស់ Twitter ថ្មីលោក Elon Musk ចេញមុខបដិសេធរបាយការណ៍នោះភ្លាមៗតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ប្រភពពីកាសែត The New York Time បានរាយការណ៍ថា Musk បានបញ្ជាឱ្យកាត់បន្ថយការងារនៅទូទាំងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ដោយក្នុងនោះតាមក្រុមមួយចំនួននឹងត្រូវបានកាត់បន្ថយបុគ្គលិកក្នុងចំនួនច្រើន ខណៈការបញ្ឈប់ការងារនេះនឹងប្រព្រឹត្តិទៅមុនថ្ងៃនៅថ្ងៃទី០១ ដើមខែវិច្ឆិកា។ ជុំវិញបញ្ហានេះត្រូវបានប្រភពគូសបញ្ជាក់ថា Musk ធ្វើឡើងក្នុងគោលបំណង គេចវេសពីការផ្តល់ភាគហ៊ុនដល់នយោជិតរបស់ Twitter ទាំងស្រុង។

ជាការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើនេះ Musk បង្ហោះនៅលើ Twitter របស់លោកថា «នេះជារឿងមិនពិត»។ តែយ៉ាងណាទាក់ទិននឹងបញ្ហានេះនៅមិនទាន់មានការបកសា្រយលម្អិតថា តើ Musk នឹងធ្វើដូចការរាយការណ៍ពីប្រភពខាងលើដែរ ឬទេ ខណៈដែល Musk និង The New York Time បានបដិសេធសំណើសុំការអត្ថាធិប្បាយពី Reuters។

គួរបញ្ជាក់ដែរថា លោក Elon Musk ទើបតែបញ្ចប់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីពេលថ្មីៗនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះគឺថាថ្ងៃដំបូងដែលលោកចូលទៅគ្រប់គ្រងនៅក្នុង Twitter លោក Musk បានបណ្ដេញនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុលោក Ned Segal ចេញពីមុខតំណែងថែមទៀតផង៕