(អឺរ៉ុប)៖ ម្ចាស់ជើងឯកពិភពលោក Max Verstappen បានបង្កើតកំណត់ត្រាថ្មីរបស់ខ្លួនជាមួយក្រុមប្រណាំង Red Bull ដោយបានឈ្នះការប្រណាំង Formula 1 ចំនួន ១៤ដងក្នុងមួយរដូវកាល ដ្បិតការប្រណាំងនៅសល់តែ ២កម្មវិធីទៀតត្រូវបញ្ចប់រដូវកាល២០២២នេះ។

ព្រឹត្តិការណ៍ Mexico Grand Prix 2022 ជាការប្រណាំងលើកទី២០ ស្ថិតក្នុងប្រតិទិន Formula 1 ដែលអ្នកប្រណាំងសញ្ជាតិហូឡង់ Max Verstappen បន្តយកបានលេខ១ ហើយលេខ២ បានទៅកីឡាករ Lewis Hamilton ពេលដែលកីឡាករ Sergio Perez ឈរលេខ៣។

តាមរយៈជ័យជម្នះលើកទី១៤ នេះ បានធ្វើឲ្យ Max Verstappen បំបែកកំណត់ត្រារបស់អតីតជើងខ្លាំងលោក Michael Schumacher និង Sebastian Vettel ក្នុងនាមជាកីឡាករម្នាក់ដែលអាចរកបានជ័យជម្នះ ១៣លើកក្នុងមួយរដូវកាល ដែលមានក្នុងប្រវត្តិសាស្ត្រការប្រណាំង Formula 1។

គួររំលឹកផងថា កម្មវិធីប្រណាំងរថយន្ត Formula 1 ក្នុងរដូវកាលនេះនៅសល់តែ ២លើកទៀតនឹងត្រូវបញ្ចប់ដោយមាននៅទឹកដីប្រេស៊ីល ចាប់ពីថ្ងៃទី១១-១៤ និងនៅទឹកដី Abu Dhabi ធ្វើឡើងនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២៕