(អាមេរិក)៖ ម្ចាស់ថ្មីរបស់ក្រុមហ៊ុន Twitter លោក Elon Musk បាននិយាយនាពេលថ្មីៗនេះថា លោកមិនមែនជាអ្នកស្តារគណនី Twitter របស់តារារ៉េប Kanye West ដែលត្រូវបានផ្អាកមួយរយៈធំ ដោយសារតែបង្ហោះសារប្រឆាំងសាសនានោះឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

មហាសេដ្ឋីលេខ១លើលោករូបនេះ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍មុនថា Twitter បានអនុញ្ញាតឲ្យគណនីរបស់តារារ៉េប Kanye West អាចលេងបានវិញ មុនពេលដែលលោកកាន់កាប់បណ្តាញសង្គមមួយនេះជាផ្លូវការ តាមរយៈកិច្ចព្រមព្រៀងទិញលក់តម្លៃ៤៤ពាន់លានដុល្លារ។ Musk បានបង្ហោះសារ Twitter ថា «ពួកគេមិនបានពិភាក្សាជាមួយខ្ញុំទេ»។

ជាក់ស្តែង នៅថ្ងៃទី០៨ ខែតុលាកន្លងទៅ Musk បានបង្ហោះសារ Twitter ស្វាគមន៍ Ye សម្រាប់ការវិលត្រឡប់មក Twitter ជាថ្មី បន្ទាប់ពីតារារ៉េប Ye បានបង្ហោះនៅលើវេទិកានេះជាលើកដំបូងក្នុងរយៈពេល២ឆ្នាំមកនេះ បន្ទាប់ពីគណនីរបស់លោកត្រូវបាន Lock។

Kanye West ដែលមានអ្នកតាមដានជាង៣០លាននាក់ នៅលើ Twitter នោះ ត្រូវបានគេដឹងថា មានភាពចម្រូងចម្រាស់ជាច្រើន ខណៈបណ្តាញសង្គមធំៗរិតបន្តឹងគណនីរបស់លោកជាបន្តបន្ទាប់ ក្រោយពីតារារូបនេះប្រើពាក្យសំដីក្នុងន័យរើសអើងពូជសាសន៍ និងធ្វើឲ្យមហាជនមិនអាចទទួលយកបាន និងត្រូវបានក្រុមហ៊ុនម៉ាកល្បីៗជាច្រើនផ្តាច់កុងត្រាការងារជាមួយ ដោយសារសំដីមិនចេះគិតរបស់លោក។ បើតាម Reuters នៅដើមខែតុលានេះ Ye បានយល់ព្រមទិញយក Parler ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពេញនិយមមួយនៅអាមេរិក៕