(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅទីបំផុត កម្មវិធីប្រកួតសម្រស់ «Miss & Mister Freshy 2022» បានរកឃើញម្ចាស់ជយលាភីទាំង៣គូហើយ ដោយមានស្រី៣នាក់ និងប្រុស៣នាក់ ដែលពួកគេសុទ្ធសឹងតែមានសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតរៀងៗខ្លួន។

ម្ចាស់ជយលាភីទាំង៦រូបនេះ មានដូចជា ម្ចាស់ជយលាភីបេក្ខនារីបានទៅលើកញ្ញា ផៃ វ៉ាលីហ្សា និងលោក ស៊ូរ៉ា តារា។ សម្រាប់ជយលាភីលំដាប់រងទី១ បានទៅលើកញ្ញា សែ សុក្រសេដាឌីន និងលោក ចាន់ ដារា ហើយសម្រាប់ជយលាភីលំដាប់រងទី២ បានទៅលើកញ្ញា គង់ ស្រីលិៈ និងលោក អ៊ុង ច័ន្ទចក្រី។

បេក្ខជន បេក្ខនារីទាំង៦ ដែលជាម្ចាស់ជយលាភី បានបង្ហាញពីភាពរីករាយរៀងៗខ្លួន ក្រោយពីពួកគេមានឱកាសក្ដោបតំណែងពីកម្មវិធីប្រកួតសម្រស់លើកដំបូង ដែលរៀបចំឡើងដោយទឹកផ្លែឈើ Freshy និងជាការកម្មវិធីរៀបចំដោយស្នាដៃកូនខ្មែរផ្ទាល់។

លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិ CIM Stars បានថ្លែង Fresh News Plus ឲ្យដឹងថា លោកពិតជាសប្បាយរីករាយ និងនឹកស្មានមិនដល់ ក្រោយពីការរៀបចំកម្មវិធីកំពូលសម្រស់ «Miss & Mister Freshy» លើកដំបូងទទួលបានផ្លែផ្លា និងជោគជ័យស្ទើរមិនគួរឲ្យជឿ។

លោកបានបន្តថា ម្ចាស់ជយលាភីទាំង៣គូគ្រាន់តែជាប់ភ្លាម និងមានសកម្មភាពការងារភ្លាមដូចជា ការហែកឋិនរួមគ្នាទៅកាន់ ៧វត្ត និងសកម្មភាពការងារសង្គម តាមសហគមន៍នានា ជារៀងរាល់ខែ ព្រមទាំងការដើរទស្សនារមណីយដ្ឋានទេសចរជាច្រើនក្នុងប្រទេសកម្ពុជា មុននឹងបេក្ខភាពខ្លះត្រូវត្រៀមខ្លួន ដើម្បីចេញទៅប្រកួតប្រជែងនៅក្រៅប្រទេស។

លោកបានបង្ហាញពីជំនឿជាក់ថា តាមរយៈការសម្រិតសម្រាំង និងការបណ្ដុះបណ្ដាលថែមទៀតនាពេលខាងមុខ ហើយម្ចាស់ជយលាភីដែលត្រៀមនឹងទៅប្រកួតលើឆាកអន្តរជាតិ នឹងទទួលបានផ្លែផ្កាជាក់ជាមិនខាង។ ការរំពឹងបែបនេះ ក៏ព្រោះតែមានបេក្ខភាពជាច្រើននាក់មកហើយ លោកបានបញ្ចូនទៅប្រកួតលើឆាកអន្តរជាតិ ដោយការត្រឡប់មកវិញជាមួយសមិទ្ធផលនានាដែលជាទីគាប់ចិត្ត។

សូមបញ្ជាក់ថា ម្ចាស់ជយលាភីទាំង៦រូបពីកម្មវិធី «Miss & Mister Freshy 2022» ក្រៅពីផ្ដើមសកម្មភាពការងារភ្លាមៗជាមួយ CIM Stars និងទឹកផ្លែឈើ Freshy ពួកគេក៏មានភារកិច្ចជាច្រើនទៀត ដើម្បីធ្វើផងដែរដូចជា ការងារសង្គម និងពង្រឹងសមត្ថភាពថែមទៀត ដើម្បីការប្រកូតប្រជែងលើឆាកអន្តរជាតិខាងមុខ និងការប្រកួតប្រជែងផ្សេងៗជាច្រើនទៀត៕