(កូរ៉េ)៖ មានកម្មវិធីកំសាន្តមិនក្រោម​១៥ទេ ក្នុងនោះរួមទាំងកម្មវិធីទូរទស្សន៍ និងកម្មវិធីរបស់ក្រុមហ៊ុនកម្សាន្តធំៗជាច្រើន ត្រូវបានលុបចោល ឬផ្អាកចេញផ្សាយតែម្តង ដើម្បីកាន់ទុក្ខក៏ដូចជាគោរពវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះក្នុងហេតុការណ៍ជាន់គ្នាស្លាប់នៅតំបន់ Itaewon ប្រទេសកូរ៉េខាងត្បូង។ ការប្រកាសផ្អាកកម្មវិធីនេះ គឺស្របពេលដែលកូរ៉េខាងត្បូង ប្រកាសកាន់ទុក្ខថ្នាក់ជាតិតែម្តង។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

តាមការចេញផ្សាយបានឲ្យដឹងថា កម្មវិធីសាធារណៈជាច្រើន រួមទាំងកម្មវិធីទូរទស្សន៍ កាចេញផ្សាយបទចម្រៀង វីដេអូ និងគម្រោង Promote ជាច្រើនត្រូវបានរំសាយចោលជា បណ្ដោះអាសន្ន ហើយគ្រោងនឹងចេញផ្សាយនៅពេលក្រោយវិញ។

ជាក់ស្តែងកម្មវិធី «Running Man» សប្ដាហ៍ពិសេស ដោយមានការចូលរួមពី Jin (BTS) ដែលដំបូងគ្រោងចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ហើយពេលនេះត្រូវលើកទៅពេលក្រោយ។ ការចេញផ្សាយបទចម្រៀង និង អាល់ប៊ុមតូចទី៣ របស់ Chen (EXO) មានចំណងជើងថា «Last Scene» ដែលដំបូងឡើយគ្រោងចេញនៅថ្ងៃទី៣១ ខែតុលានេះ ក៏ត្រូវបានពន្យារពេលផងដែរ។ ងាកមកក្រុមហ៊ុន SM ក៏រំសាយចោលការរៀបចំកម្មវិធី SMTOWN Wonderland 2022 ដែលគ្រោងរៀបចំ នៅថ្ងៃទី៣០ ខែតុលា ដើម្បីអបអរពិធីបុណ្យ Halloween សម្រាប់តារាក្នុងក្រុមហ៊ុន។ បន្ថែមពីនេះ វីដេអូបទចម្រៀង (Lyric) របស់ Jin (BTS) ត្រូវពន្យារការចេញផ្សាយ។ ក្រៅពីនេះ គឺនៅមានកម្មវិធីជាច្រើនទៀត ត្រូវបានប្រកាសជាបន្តបន្ទាប់ពីការផ្អាក និងពន្យារពេល។

គួរបញ្ជាក់ថា ហេតុការណ៍សោកនាដកម្មខាងលើ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ កំឡុងពេលមនុស្សប្រហែលជា ១០០,០០០នាក់ បានទៅប្រមូលផ្តុំគ្នានៅសង្កាត់ដែលពេញនិយម សម្រាប់ការដើរកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ដែលទើបតែត្រូវបានប្រារព្ធជាលើកដំបូងឡើងវិញ នៅរដ្ឋធានីរបស់កូរ៉េខាងត្បូង ក្នុងរយៈពេល៣ឆ្នាំ មកនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃអាទិត្យនេះ ដល់ថ្ងៃសៅរ៍សប្តាហ៍ក្រោយ៕