(សៀមរាប)៖ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ បានប្រារព្ធពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២២ និងការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងលិខិតសរសើរជូនដល់សិស្សពូកែប្រចាំឆ្នាំសិក្សា២០២១-២០២២ នៅទីតាំងសាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ក្រោមអធិបតីភាព លោក ពេជ្រ សុភក្រ្តា តំណាងលោកប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តសៀមរាប រួមទាំងមានការចូលរួមពីគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើននាក់ទៀត។

លើកឡើងនាឪកាសនោះ លោក ពេជ្រ សុភក្រ្តា បានថ្លែងថា ស្របនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់ការសិក្សារៀនសូត្រ ព្រមទាំងការបង្រៀននៅក្នុងថ្នាក់ផ្ទាល់ សាលារៀនអារីហ្សូនបានធ្វើការសម្របខ្លួនបានយ៉ាងល្អប្រសើរដើម្បីអាចឲ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បន្តការរៀន និងបង្រៀនយ៉ាងរលូន តាមរយៈការបង្រៀនតាមប្រព័ន្ធអនឡាញ ក្នុងបរិបទកូវីដ១៩។ ដោយផ្អែកលើស្ថានភាពកូវីដ១៩ មានសភាពធូរស្រាល សាលារៀន អារីហ្សូន ក៏បានបន្តការរៀន និងបង្រៀន តាមរយៈការបង្រៀនតាមប្រព័ន្ធអនឡាញ និងក្នុងថ្នាក់ផ្ទាល់ផង ដោយអនុលោមតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងបន្ទាប់មកទៀតឈានទៅរកការរៀន និងបង្រៀននៅក្នុងថ្នាក់ផ្ទាល់ ។

លោក ពេជ្រ សុភក្រ្តា ក៏ផ្តាំផ្ញើដល់គណៈគ្រប់គ្រងលោកគ្រូ អ្នកគ្រូនៅ សាលារៀន អារីហ្សូន ត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលដៅផ្តោតលើការអប់រំបណ្តុះបណ្តាលឲ្យសិស្សានុសិស្សមានសមត្ថភាពពេញលេញ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសិក្សាបន្តនៅថ្នាក់បន្ទាប់ ពោលគឺសមត្ថភាពសិក្សាឱ្យបានពូកែជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះការអប់រំសិស្សានុសិស្សត្រូវផ្តោតការយកចិត្តទុកដាក់នូវវិជ្ជាទាំងបី គឺវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ។

លោក ពេជ្រ សុភក្រ្តា បានបន្ថែមថា ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវពិចារណាដែរនូវអ្វីដែលបានអនុវត្តល្អ និងបញ្ហាខ្វះខាតនានាក្នុងការគ្រប់គ្រងសាលារៀន ហើយត្រូវអភិវឌ្ឍន៍ឱ្យបាននូវកង្វះខាតទាំងនោះ ដើម្បីក្លាយទៅជាចំណុចល្អប្រសើរសម្រាប់ជាបទពិសោធន៍ និងគម្រូដល់អ្នកជំនាន់ក្រោយ។ រីឯក្មួសិស្សានុសិស្សត្រូវភ្ញាក់រលឹកឱ្យបានខ្លាំងក្លាថែមទៀត និងកែប្រែខ្លួនខិតខំរៀបអត្តចរឹតឱ្យបានសមស្របជាកុលបុត្រ កុលធីតា នៃមាតុភូមិអង្គរ ដែលជាប្រទេសមានអរិយធម៌ចំណាស់ថ្លៃថ្លា និងខ្ពង់ខ្ពស់តាំងពីបុព្វបុរសយើងរៀងមក និងត្រូវខិតខំបន្តក្រេបជញ្ជក់យកចំណេះវិជ្ជាតាមការបង្ហាត់បង្ហាញពីសំណាក់ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ មិត្តល្អ។

ជាមួយគ្នានោះដើម្បីឱ្យការអប់រំកាន់តែមានប្រសិទ្ធិភាព លោក ពេជ្រ សុភក្រ្តា ក៏បានសំណូមពរ និងសូមផ្តាំផ្ញើនូវការងារមួយចំនួនដូចខាងក្រោម៖
១៖ បើកទូលាយ និងធ្វើឱ្យមានប្រសិទ្ធិភាពនូវទំនាក់ទំនងរវាងសហគមន៍ និងសាលារៀន។
២៖ អនុវត្តឱ្យបាននូវការគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ។
៣៖ ត្រូវមានវិន័យល្អសម្រាប់លើកកម្ពស់លើមនសិកា មុខវិជ្ជាជីវៈ និងការសិក្សា។
៤៖ ត្រូវបង្កើតឱ្យមានឧបករណ៍តាមដាន ការងារ និងការសិក្សា។
៥៖ យកចិត្តទុកដាក់លើការងារស្វ័យសិក្សា។
៦៖ លើកទឹកចិត្តដល់គ្រូបង្រផៀនល្អ សិស្សមានការសិក្សាពូកែ និងគោរពវិន័យបានល្អ។
៧៖ លើកកម្ពស់សកម្មភាពកីឡា សិល្បះ ដើម្បីដណ្តើមយកស្នាដៃ
៨៖ ខិតខំកែលំអ សោភ័ណភាព សាលារៀន ឱ្យក្លាយទៅជាកន្លែងចង់ឃើញ ចូលចិត្ត ចាប់អារម្មណ៍ ពីសហគមន៍ និងសិស្សានុសិស្ស៕