(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ នៅអគារពិព័រណ៍កោះពេជ្រ បានបញ្ចប់ជាស្ថាពរហើយ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារជាង ៣ ម៉ឺននាក់ បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យស្វែងរកការងារយ៉ាងច្រើនកុះករ លើសពីការរំពឹងទុក។

ក្រុមហ៊ុនទាំង១៥០ ដែលបានចូលរួម តាំងបង្ហាញរយៈពេលពីរថ្ងៃនេះ​ ទទួលបាន CV ពីបេក្ខជនរហូតដល់ជិត៣ ម៉ឺន CVs។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង៦ ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និងសហគ្រាសទាំងនោះ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗ ថែមទៀតចំនួនជាង ២ម៉ឺនកន្លែង។

ឱកាសការងារទាំងនោះមាននៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យ និងសំណង់, ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារ ដែលមានលក្ខណៈប្រមូលផ្តុំ នូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA។

NEA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍដែលបានផ្តល់ការឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំ ព្រឹត្តិការណ៍នេះ ព្រមទាំងចូលរួមតាំងបង្ហាញផ្សព្វផ្សាយ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការ ចូលរួមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា យ៉ាងសស្រាក់សស្រាំក្រៃលែង។

សូមបញ្ជាក់ថា ទោះបីជាមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានមកចូលរួម ក៏នៅតែអាចទទួលបានសេវាការងាររបស់រាជរដ្ឋាភិបាលនេះ តាមរយៈកម្មវិធីដែលរៀបចំជាប្រចាំដោយ NEA ដូចជា៖ វេទិកាការងារ កិច្ចសម្ភាសប្រចាំសប្តាហ៍ នៅតាមមជ្ឈមណ្ឌលការងារទាំង១៣ ដោយងាយស្រួល និងឥតគិតកម្រៃ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕