(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាពានរង្វាន់ សម្តេចក្រឡាហោម ស ខេង ក្នុងខេត្តបាត់ដំបង ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នៅបរិវេណសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក ស រដ្ឋា បានលើកឡើងថា គោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់នេះ គឺដើម្បីបំផុស និងកៀរគរយុវជនគ្រប់ស្រទាប់ឲ្យស្រឡាញ់វិស័យកីឡា ជៀសផុត ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងអបាយមុខផ្សេងៗ។ ព្រឹត្តិការណ៍ការប្រកួតកីឡាពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មានចំនួន៣វិញ្ញាសារ រួមមាន៖ បាល់ទាត់ វាយសី និងប៉េតង់។

* វិញ្ញាសាកីឡាបាល់ទាត់បុរស មានចំនួន ៣២ក្រុម មានកីឡាករសរុបចំនួន៨៣២ នាក់។
* វិញ្ញាសាកីឡាវាយសី មានចំនួន៥៣ក្រុម មានកីឡាករសរុប ចំនួន១០៦នាក់
* វិញ្ញាសាកីឡាប៉េតង់ មានចំនួន ៦១ក្រុម មានកីឡាករ សរុប ចំនួន២៤៤នាក់)។

សូមបញ្ជាក់ថា វិញ្ញាសារទាំង០៣នេះ នឹងត្រូវធ្វើការប្រកួតផ្ដាច់ព្រ័ត្រ និងប្រកាសជ័យលាភីប្រគល់ ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា ព្រឹត្តិការណ៍នាឱកាសនេះ ជាការរួមចំណែកមួយរបស់ ស.ស.យ.ក. ខេត្ត ក្នុងការលើកស្ទួយវិស័យកីឡាក្នុងខេត្តបាត់ដំបង ក៏ដូចជារួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡាឲ្យកាន់តែរីកចម្រើន និងកម្ពុជា ឈានឆ្ពោះទៅការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ក្រោមពាក្យស្លោក «កីឡា រស់នៅក្នុងសន្តិភាព»។

លោកបន្ដថា ម្យ៉ាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករកីឡាការិនីដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តន៍ភាពប្រកបដោយសមធម៌ដែលផ្តល់ឲ្យកីឡាករ និងគូប្រកួត មានឱកាសសាកល្បង និងបញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡា ទៅតាមបទបញ្ជាបច្ចេកទេស នៃវិញ្ញាសានីមួយៗ។

តាងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដែលតែងតែយកចិត្តទុកដាក់ និងរៀបចំជាព្រឹត្តការណ៍នានាដែលជាប្រយោជន៍ដល់យុវជនគ្រប់ស្រទាប់ថ្នាក់ក្នុងខេត្តបាត់ដំបង សូមថ្លែងអំណរគុណដល់លោក ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក៏ដូចជាយុវជនក្នុងខេត្តបាត់ដំបងរយៈកាលកន្លងមកនេះ៕