(ភ្នំពេញ)៖ ភាពយន្តរបស់ប្រទេសកម្ពុជា មានចំណងជើងថា «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» បានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមានប្រមាណ៦៦ទីតាំង (មានរោងភាពយន្ត និងសាលនានា) ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះតទៅ បន្ទាប់ពីភាពយន្តមួយនេះ ត្រូវបានពន្យារពេលដាក់បញ្ចាំងនៅក្រៅប្រទេស អស់រយៈពេលជាង២ឆ្នាំ ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩។

លោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃនេះថា ជាការពិតភាពយន្តរឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» វគ្គទី១បានផលិតឡើង ចំពេលដែលជំងឺកូវីដ-១៩ ចាប់ផ្ដើមផ្ទុះឡើងដូចគ្នា ដូច្នេះរឿងនេះត្រូវបានពន្យារពេលចាក់បញ្ចាំង ជាបន្តបន្ទាប់នៅក្រៅប្រទេស។ ជាពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ត្រូវបានពន្យារពេលចាក់បញ្ចាំង ហើយបើគិតរហូតមកដល់ពេលនេះ គឺមានរយៈពេលជាង២ឆ្នាំមកហើយ។

លោក លៀក លីដា និយាយថា «បាទ! រឿង The Clock របស់យើងវគ្គទី១ គឺដោយសារយើងផលិតហើយ ចំរដូវកាលកូវីដ អ៊ីចឹងយើងគ្មានឱកាសនៅក្នុងការដាក់បញ្ចាំងទេ ហើយរហូតមកដល់ពេលនេះ ទើបមានឱកាសដាក់បញ្ចាំងនៅឥណ្ឌូនេស៊ី ហើយយើងបានចាប់បញ្ចាំងដំបូង គឺមានចំនួន៦៦ ទីតាំង និងរោងភាពយន្ត។ យើងពិតជាមានការសោកស្ដាយ ដែលភាពយន្តនេះផលិតឡើង ចំពេលដែលមានជំងឺរាតត្បាត ហើយបានក្លាយជារឿងចាស់មួយ ដែលមហាជននៅតែទន្ទឹងរង់ចាំទស្សនា..!»។

រឿង «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» ដែលដឹកនាំផលិតដោយ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture ត្រូវបានគេដឹងថា បានជាប់ចំណាត់ថ្នាក់លេខ១ ពីកម្មវិធី «Horror Bowl Movie Awards» នៅក្នុងប្រទេសឥណ្ឌា ក្នុងចំណោមភាពយន្ត ជិត២០០រឿង មកពីបណ្ដាប្រទេសផ្សេងគ្នាលើពិភពលោក។ ក្រៅពីជាប់ចំណាត់ថ្នាក់លេខ១, រឿងបែបភ័យរន្ធត់ «នាឡិកាដាស់វិញ្ញាណ» នេះ ក៏ឈ្នះបានពានរង្វាន់សំខាន់ៗចំនួន៣ ពីកម្មវិធី «Horror Bowl Movie Awards» របស់ឥណ្ឌាផងដែរ។

ភាពយន្ត «The Clock» ​បានដាក់បញ្ចាំងលើកដំបូងនៅគ្រប់រោងកុន ក្នុងប្រទេសកម្ពុជា នៅចុងឆ្នាំ២០១៩។ កន្លងមកភាពយន្ត «The Clock» នេះ ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនមកហើយ ពីមហោស្រពភាពយន្តជាតិលើទី៦ ប្រចាំឆ្នាំ២០១៩ ក្នុងនោះដូចជាពាន «ភាពយន្តឆ្នើម» ពាន «អ្នកដឹកនាំរឿង ឆ្នើម»,ពាន «អ្នកដំឡើងរូបភាពឆ្នើម» និងពាន «អ្នកផ្គុំសំឡេងឆ្នើម»។ ដោយសារគុណភាពខ្ពស់ ចេញពីការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ផងនោះ លោក លៀក លីដា បានយករឿង «The Clock» នេះទៅដាក់ប្រកួតលើឆាកអន្តរជាតិ ដែលលោកចាត់ទុកថា ការដាក់ប្រកួតប្រជែងនេះ ជាមោទនភាពមួយសម្រាប់វិស័យភាពយន្តក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់។

បន្ទាប់ពីវគ្គទី១ នៃភាពយន្ត «នាឡិកាដាស់វិញ្ញាណ» ឬ «The Clock» ទទួលបានជោគជ័យ ផលិតករភាពយន្តនេះបានបន្តគម្រោងថតវគ្គទី២របស់ខ្លួនបន្ថែមទៀត ដែលមានចំណងជើងថ្មីថា «The Clock Red Wall» នៅក្នុងប្រទេសភូមា (មីយ៉ាន់ម៉ា) ក្នុងនោះនៅវគ្គទី២នេះ ត្រូវបានគេដឹងថា មានការចូលរួមសម្ដែងពីសំណាក់តារាប្រុសដ៏ល្បីម្នាក់ ប្រចាំនៅក្នុងប្រទេសភូមាតែម្ដង គឺលោក Paing Takhon ដែលបានជាប់ឈ្មោះ ជាតារាមានរាងសង្ហាជាងគេលើលោក៕