(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣១ ខែតុលា នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិ ដោយរៀបចំតាមទម្រង់កីឡាជាតិ ដើម្បីសម្រួចសមត្ថភាពមន្ដ្រីបច្ចេកទេសឆ្ពោះទៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

ថ្លែងក្នុងពិធីបិទការប្រកួតខាងលើ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃការប្រកួតជើងឯកថ្នាក់ជាតិខាងលើ ក្រោមការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងការខិតខំប្រឹងប្រែងរបស់មន្ដ្រីសហព័ន្ធ ក៏ដូចជាគណៈកម្មការរៀបចំ ដែលជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំ ដំណើរការដោយរលូន និងទទួលបានផ្លែផ្កាដ៏ល្អប្រសើរ។

អ្វីដែលពិសេស ក្នុងឱកាសនៃការប្រកួតនេះ សហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រម កម្រិតអន្ដរជាតិ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ដែលបង្រៀនដោយគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាវាយសីអាស៊ី លោកស្រី Yau Lin Na ក្នុងការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ កំលុងការប្រកួត ដែលធ្វើឲ្យសិក្ខាកាម ជាមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម អភិវឌ្ឍន៍សមត្ថភាពយ៉ាងល្អប្រសើរទៀតផង។

លោក លី កុសល បន្ដថា «ការប្រកួតរបស់យើង គឺអនុវត្តតាមទម្រង់ទាំងស្រុងរបស់ការប្រកួតកីឡាជាតិ ដែលបានអនុវត្តតាមបទដ្ឋាននៃការប្រកួតស៊ីហ្គេម ដើម្បីឲ្យកីឡាករ និងមន្ត្រីរបស់យើងមានឱកាសបានត្រៀមលក្ខណៈសម្បតិ្តជាបណ្តើរៗ ក្នុងការរៀនសូត្រដកបទពិសោធន៍ជាក់ស្តែង ឈានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។ ប្រាកដណាស់ ថ្នាក់ដឹកនាំតាមបណ្តាក្លឹប ខិតខំប្រឹងប្រែងជំរុញការងារហ្វឹកហាត់ ពង្រឹងពង្រីកសមត្ថភាពបច្ចេកទេសជំនាញ និងការងារគ្រប់គ្រងវិន័យបានល្អ ទើបកីឡាករ-ការិនីរបស់យើងថ្ងៃនេះ មានឱកាសបង្ហាញនូវស្នាដៃ ព្រមទាំងទេពកោសល្យ ក្នុងការដណ្តើមយកជ័យលាភីតាមវិញ្ញាសានីមួយៗ»

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំខាងលើ គឺមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៣៨នាក់ មកពី ១៣សមាគម/ក្លិបទូទាំងប្រទេស។ ជាលទ្ធផលបច្ចេកទេស ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ គឺមេដាយមាស ២គ្រឿង ខណៈក្លិបកីឡាវាយវាយសីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១។ រីឯខេត្តកណ្ដាល ឈរលេខ៣ ឈ្នះមេដាយមាស ១ និងប្រាក់ ២ ស្របពេលខេត្តកំពង់ឆ្នាំង ឈរលេខ៤ ឈ្នះមេដាយមាស ១ និងប្រាក់ ១។ ចំណែកខេត្តស្វាយរៀង និងក្លិបវាយសីភ្នំពេញ ដណ្ដើមបានមេដាយមាស ១គ្រឿងដូចគ្នា៕