(ភ្នំពេញ)៖ ពិព័រណ៌ការងារជាតិ និងផលិតភាពជាតិឆ្នាំ២០២២ បានបញ្ចប់ទៅដោយរលូនកាលពីថ្ងៃសៅរ៍កន្លងទៅ និងមានសាធារណៈជន សិស្ស/និស្សិតយ៉ាងច្រើនកុះករជាង៣ម៉ឺននាក់បានចូលរួម​ ខណៈតំណាងក្រុមហ៊ុនដែលចូលរួមបានវាយតម្លៃខ្ពស់ និងមិននឹកស្មានដល់ថាមានមនុស្សជាច្រើនមកចូលរួមដូចនេះ​ឡើយ

​លោក សាន សែល ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន JTI កម្ពុជា បានថ្លែង​ថា៖ «JTI សូមថ្លែងអំណរគុណដ៏ជ្រោលជ្រៅដល់ទីភ្នាក់ងារជាតិនិងមុខរបរនៃក្រសួងការងារ ដែលបានរៀបចំមហាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ កម្មវិធីបានប្រមូលផ្តុំបណ្តាស្ថាប័ន និងក្រុមហ៊ុន និងអ្នកស្វែងរកការងារជាច្រើនសន្ធឹកសន្ធាប់មកជួបជុំគ្នា។ JTI ពិតជាមានមោទនភាព និងសប្បាយរីករាយ ដែលចូលរួមបង្ហាញអំពីវប្បធម៌ក្រុមហ៊ុនយើងនៅបញ្ជរ G3 ក្នុងមហាព្រឹត្តិការណ៍ការងារច្រាំឆ្នាំនេះ។

លោកស្រី ឈ គង្គា ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ឯ.ក លើកឡើងថា ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ លោកស្រីមិននឹកស្មានថា មានមនុស្សយ៉ាងច្រើនកុះករមកចូលរួមអញ្ចឹងនោះទេ។ លោកស្រីបន្ថែមថា ខាងក្រុមហ៊ុនលោកស្រីទទួលបាន CV ច្រើនមែនទែន ទាំងពីសិស្ស/និស្សិត និងបុគ្គលិកក្រុមហ៊ុនដែលចង់ផ្លាស់ប្តូរការងារជាដើម។​

លោកស្រីបញ្ជាក់ថា៖ «ខ្ញុំពិតជាគិតស្មានមិនដល់ថាមានមនុស្សជាច្រើនមកចូលរួមក្នុងបញ្ជររបស់ខ្ញុំ ក៏ដូចជាបញ្ជរក្រុមហ៊ុនផ្សេងៗទៀតដូច្នេះទេ»។ ជាមួយគ្នានេះដែរ លោក ង៉ាន សេងហ៊ាត នាយករងគ្រប់គ្រងធនធានមនុស្សធនាគារ RHB មើលឃើញថាការរៀបចំពិព័រណ៍លើកនេះ គឺប្រព្រឹត្តិទៅបានយ៉ាងល្អ ដែលនេះជាជោគជ័យរបស់ NEA និងក៏ជាជោគជ័យសម្រាប់ធនាគាររបស់លោក ក៏ដូចជាបណ្តាក្រុមហ៊ុនដែលដាក់តាំងបញ្ជរជ្រើសរើសបុគ្គលិកនៅហ្នឹងកន្លែងផងដែរ ដោយសារតែពិព័រណ៌នេះបាននាំយកការងារដ៏ច្រើនជូនដល់អ្នកដែលចង់រកការងារធ្វើ ឬផ្លាស់ប្តូរការងារ។ លោកសង្ឃឹមថា សម្រាប់ឆ្នាំក្រោយៗ NEA នឹងរៀបមហាព្រឹត្តិការណ៍នេះឲ្យកាន់តែអស្ចារ្យជាងនេះបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ទោះបីជាមហាព្រឹត្តិការណ៍ការងារប្រចាំឆ្នាំនេះ ត្រូវបានបញ្ចប់ទៅយ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានមកចូលរួម ក៏នៅតែអាចទទួលបានសេការងាររបស់រាជរដ្ឋាភិបាលនេះ តាមរយៈកម្មវិធីដែលរៀបចំជាប្រចាំដោយ NEA ដូចជា៖វេទិកាការងារ កិច្ចសម្ភាសប្រចាំសប្តាហ៍នៅតាមមជ្ឈមណ្ឌលការងារទាំង ១៣ ដោយងាយស្រួល និងឥតគិតកម្រៃ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕