(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានលើកឡើងថា លោករំពឹងថា ការរងរបួសរបស់កីឡាករ Bukayo Saka នៅក្នុងការប្រកួតឈ្នះ កាលពីថ្ងៃអាទិត្យ លើក្រុម Nottingham Forest នោះ នឹងមិនគំរាមកំហែងដល់ការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ World Cup របស់កីឡាកររូបនេះ ជាមួយក្រុមជម្រើសជាតិអង់គ្លេសនោះទេ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។

Saka បានបង្ខំចិត្តដូរចេញ នៅអំឡុងពេលប្រកួតឈ្នះ៥-០ របស់ក្រុម Arsenal បន្ទាប់ពីត្រូវបានប៉ះទង្គិច ដោយខ្សែការពារ Renan Lodi របស់ក្លិប Forest។

កីឡាករវ័យ២១ឆ្នាំ ដែលជាប់ជាកីឡាករល្អប្រចាំឆ្នាំរបស់អង់គ្លេសរូបនេះ ត្រូវបានគេរំពឹងថា នឹងជាផ្នែកមួយ នៃក្រុមជម្រើសជាតិអង់គ្លេស ដែលដឹកនាំដោយលោក Gareth Southgate សម្រាប់ការប្រកួតនៅប្រទេសកាតា។

"រំពឹងថានឹងមិនមាននោះទេ", នេះបើតាមសម្តីលោក Arteta បានលើកឡើង នៅពេលដែលមានសំណួរ ថាតើ Saka មានមន្ទិលសង្ស័យ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឬទេ។

Saka ដែលស៊ុតបញ្ចូលទីបាន៤គ្រាប់ នៅក្នុងការប្រកួត២០លើក សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសនោះ ត្រូវបានប៉ះទង្គិចយ៉ាងខ្លាំង ដោយខ្សែការពារ Lodi ក្នុងនាទីបើកការប្រកួតប៉ះក្រុម Forest។

សូមជម្រាបថា ការប្រកួតដំបូងក្នុងព្រឹត្តិការណ៍ World Cup របស់ក្រុមអង់គ្លេស គឺត្រូវប៉ះក្រុមអ៊ីរ៉ង់ នៅថ្ងៃទី២១ ខែវិច្ឆិកា៕