(សារ៉ាយេវ៉ូ)៖ សមាគមបាល់ទាត់បូស្នៀ នៅថ្ងៃចន្ទនេះ បានសម្រេចពន្យារពេល ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិមួយ ជាមួយនឹងរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ, ក្រោយពីមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់កីឡាករ និងមន្ត្រី បន្ទាប់ពីការសម្រេចប្រកួតនេះ ត្រូវបានប្រកាសកាលពីពីរខែមុន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះ។

ការប្រកួតគ្រោងនឹងធ្វើឡើង នៅទីក្រុង St Petersburg មួយថ្ងៃមុនពេលព្រឹត្តិការណ៍ World Cup នៅកាតា គ្រោងនឹងចាប់ផ្តើមឡើង ប៉ុន្តែក្រុមប្រឹក្សាប្រតិបត្តិសមាគមបាល់ទាត់បូស្នៀ បានសម្រេចលុបចោលវិញ ហើយពន្យារពេលទៅកាន់ពេលក្រោយ, នេះបើតាមសមាគម បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ត្រូវបានហាមឃាត់ ពីការចូលរួមប្រកួតអន្តរជាតិ ដោយសារការឈ្លានពានរបស់ទីក្រុង Moscow លើអ៊ុយក្រែន ដែលទីក្រុង Moscow បានហៅថា "ប្រតិបត្តិការយោធាពិសេស"។

បូស្នៀ បានបរាជ័យ ក្នុងការឡើងទៅលេងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ ប្រទេសស្ថិតក្នុងតំបន់ Balkan មួយនេះ គឺកីឡាករ Edin Dzeko ដែលកំពុងលេងជាខ្សែប្រយុទ្ធ ឲ្យក្លិប Inter Milan នោះ បានប្រឆាំងតវ៉ាការប្រកួត, ព្រមជាមួយនោះ មិត្តរួមក្រុមជម្រើសជាតិរបស់លោក កីឡាករ Miralem Pjanic ជាអតីតកីឡាករ លេងនៅក្លិប Juventus និង Barcelona ហើយបច្ចុប្បន្នកំពុងលេងឲ្យក្លិប Sharjah FC នៅអារ៉ាប់រួមអេមីរ៉េត ក៏បានជំទាស់ចំពោះការប្រកួតនេះផងដែរ។

សូមរំលឹកថា ស្ថាប័នគ្រប់គ្រងបាល់ទាត់សកល FIFA និងស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសម្រេចកាលពីខែកុម្ភៈថា គ្រប់ក្រុមរុស្ស៊ី មិនថាក្រុមជម្រើសជាតិ ឬក៏ក្លិបនោះទេ ត្រូវបានផ្អាកពីការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយ FIFA និង UEFA បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែន៕