(បរទេស)៖ ពាក្យចចាមអារ៉ាមកន្លងមកធ្លាប់បានឱ្យដឹងថា Apple មានគម្រោងប្រកាសចេញ MacBook Pro ដែលមានអេក្រង់ទំហំ ១៤អ៊ីង និង១៦អ៊ីង ជំនាន់ថ្មីដែលបំពាក់ដោយបន្ទះឈីប M2 នៅអំឡុងចុងឆ្នាំ២០២២នេះ។ ដោយឡែកផ្ទុយពីរបាយកាណ៍ ថ្មីៗនេះលោក Mark Gurman បានឱ្យដឹង Apple ទំនងជាសម្រេចចិត្តពន្យាពេលរហូតដល់ឆ្នាំ២០២៣ ឯណោះទើបប្រកាសចេញជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

បើយោងតាមអ្នកចែករំលែកព័ត៌មានលេចធ្លាយដ៏ល្បីឈ្នោះម្នាក់លោក Mark Gurman បានឱ្យដឹងថា ម៉ូដែល MacBook Pro 14-inch និង 16-inch ជំនាន់ថ្មីជាមួយបន្ទះឈីប M2 (M2 Pro និង M2 Max) អាចនឹងចេញជាផ្លូវការក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ខណៈវានឹងមកជាមួយនឹងកំណែអាប់ដេតថ្មីដែល Apple ធ្លាប់បានបង្ហើបឱ្យដឹងកន្លងមកគឺ macOS Ventura 13.3 ហ្នឹងឯង។

យ៉ាងណាមិញសម្រាប់ដំណឹងនេះហាក់ធ្វើឱ្យអ្នកគាំទ្រ Apple ស្រង៉ាកចិត្ត ព្រោះជាប្រវត្តិសាស្រ្តក្រុមហ៊ុន Apple បានដាក់លក់ម៉ូដែល Macs ថ្មីរបស់ខ្លួនក្នុងអំឡុងខែវិច្ឆិកាជាច្រើនដងរួចមកហើយរួមមាន MacBook Pro 16-inch ស៊េរី ២០១៩ និង Macs បីម៉ូដែលដែលប្រើប្រាស់បន្ទះឈីប M1 ស៊េរីឆ្នាំ ២០២០ ក៏បានដាក់ចេញក្នុងខែវិច្ឆិកាផងដែរ។ ដូច្នេះ សម្រាប់អ្នកកំពុងតែរង់ចាំ MacBook Pro 14-inch និង 16-inch ស៊េរីថ្មីៗ អាចនឹងត្រូវរង់ចាំយូរទៀតហើយ ព្រោះទាល់តែខែមីនា ឆ្នាំ២០២៣ ឯណោះ ទើបបានឃើញម៉ូដែលកំពូលៗរបស់ Apple ទាំងនេះ៕