(ភ្នំពេញ)៖ បារាំង ដែលជាប្រទេសមហាអំណោចមួយក្នុងវិស័យកីឡាបាល់ទះលើពិភពលោក បានទទួលសំណើរកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រោយជំនួបពិភាក្សាការងារជាមួយលោក Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះបារាំង តាមប្រព័ន្ធ Zoom កាលពីថ្មីៗ។

ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើ បានគូសបញ្ជាក់ថា «កាលពីថ្ងៃទី២៧ ខែតុលាកន្លងមកនេះ ខ្ញុំបានជួយពិគ្រោះជាមួយឯកឧត្តម Eric Tanguy ប្រធានសហព័ន្ធកីឡាបាល់ទះ នៃសាធារណរដ្ឋបារាំង តាមប្រព័ន្ធ Zoom ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានបង្ហាញនូវឆន្ទៈជួយលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការផ្លាស់ប្ដូរប្រតិភូ ផ្លាស់ប្ដូរបច្ចេកទេស និងឈានទៅដល់ការចុះ អនុស្សារណៈយោគយល់គ្នា(MOU) នាពេលអនាគតផងដែរ»

នាយឧត្តមសេនីយ៍សន្តិបណ្ឌិតបន្ដថា «ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ ។ ជំនួបមិត្តភាពនេះ គ្រោងធ្វើឡើងក្រោមជម្រើស ២ ទី១-គឺបារាំង មកប្រកួតមិត្តភាពនៅកម្ពុជា និងទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងវិញ ។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននឹងកំពុងពិភាក្សារៀបចំការប្រកួតនេះ» ។

ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកថា ជំនួបមិត្តភាពកម្ពុជា និងបារាំងនេះ កំពុងស្ថិតក្នុងកិច្ចសហការយ៉ាងល្អ ដើម្បីឈានទៅរកការប្រកួតនាពេលឆាប់ៗខាងមុខ ។

គួរដឹងថា កាលពីថ្មីៗ កំលុងការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏បានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិចំនួន ២ប្រកួតផងដែរ ដើម្បីអបអរសាទរព្រឹត្តិការណ៍នេះ ហើយក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែទទួលបានជ័យជម្នះ ក្នុងនោះឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ២-១សិត និងឈ្នះក្រុមជម្រើសជាតិ U21 គុយបា ក្នុងលទ្ធផល ៣-១សិត ។ នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា បានបើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធស៊ីហ្គេមលើកដំបូង នៅវៀតណាម កាលពីខែឧសភាកន្លងទៅ ៕