(ព្រះវិហារ)៖ បន្ទាប់ពីទឹកធ្លាក់អូរឆ្ពាត់នៃតំបន់ជីផាត ក្នុងដំណើរទេសចរណ៍ផ្សងព្រេងលើកទី៤នេះក្រុមជើងស៊ូ Fresh Adventure និងនារីចល័តចរបានឡើងទៅកាន់តំបន់ភ្នំត្បែង ខេត្តព្រះវិហារ ដោយបានរុករុលកាត់ព្រៃទៅដល់តំបន់ថ្មីៗមួយចំនួន ដែលមានដូចជាទីទឹកធ្លាក់ ពើងសិលាថ្មដា ទីសក្ការបូជាបែបសាសនា ទីសមគួរសម្រាប់ការបោះតង់ ក៏ដូចជាតំបន់គយគន់ទេសភាពថ្មីៗពីលើភ្នំផងដែរ។

ដំបូងក្រុមការងារយើងបានឈប់ឡាននៅស្នាក់ការនគរបាលដែលនៅជាប់នឹងជើងភ្នំត្បែង ហើយក៏បានបន្តដំណើរតាមជណ្ដើរឡើងទៅកាន់លើភ្នំ។ ជណ្ដើរភ្នំត្បែងដែលយើងឡើងទៅនោះមានចំនួនសរុប១,៣៤៥កាំ រាងហត់បន្តិច តែមិនជាបញ្ហា។

ចេញពីនោះមក ក្រុមការងារ Fresh Adventure និងនារីចល័តចរបានបន្តដំណើរដោយម៉ូតូជិះទៅកាន់ «ទឹកជ្រោះតាម៉ា» ដែលជាទីទឹកធ្លាក់ដ៏ស្រស់ស្អាតមួយនៅក្នុងតំបន់សក្ដានុពលទេសចរណ៍ភ្នំត្បែងនោះ។ ទាំងផ្នែកខាងលើ និងផ្នែកខាងក្រោមនៃទឹកធ្លាក់នេះ គឺអាចឱ្យភ្ញៀវទេសចរលេងកម្សាន្តនិងថតរូបស្អាតៗបាន។ នៅផ្នែកខាងក្រោមក៏មានផ្លូវដើរក្រោមថ្មភ្នំដែរ សម្រាប់ឱ្យភ្ញៀវទេសចរឡើងពីផ្នែកខាងក្រោមទៅផ្នែកខាងលើ។

ចេញពីទឹកជ្រោះតាម៉ា ក្រុមការងារបានបន្តដំណើរជាមួយក្រុមហ្កាយទៅកាន់ពើងនិងកន្លែងបោះតង់ ដែលពួកគាត់ប្រាប់ថាត្រូវទៅហួសវត្តថ្មបីដុំ ឬជិតដល់ពើងតាបស។ នៅតាមផ្លូវគឺយើងបានជួបឧបសគ្គមួយចំនួន ដូចជាផ្លូវក្នុងព្រៃពិបាកក្នុងការធ្វើដំណើរ ជិះកាត់ភក់ផង ធ្លាក់ភក់ផង ជាប់ផុងម៉ូតូផង។ ម្យ៉ាងទៀតក៏មានដើមឈើបាក់រលំកាត់ផ្លូវដែលមិនអាចឱ្យម៉ូតូឆ្លងកាត់បាន ម្ល៉ោះហើយក្រុមការងារនិងហ្កាយក៏បានសាមគ្គីគ្នាកាប់កាត់លើកឈើទាំងនោះចេញពីផ្លូវ ដើម្បីបន្តដំណើរទៅមុខទៀត។

នៅតាមផ្លូវធ្វើដំណើរ ក្រុមការងារយើងបានចូលក្នុងភូមិតូចមួយដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៣០គ្រួសារ និងបានចូលទៅដល់វត្តថ្មបីដុំ ដែលជាទីអារាមមួយមានប្រវត្តិជាប់ទាក់ទងនឹងលោកតាសួង «ទេវតាដើរដី» ដែលលោកតាមានភាពល្បីល្បាញយ៉ាងខ្លាំងនៅប្រទេសកម្ពុជានិងប្រទេសថៃ ពិសេសគឺក្នុងចំណោមប្រជាជនខ្មែរលើ។

លុះដល់ពេលរសៀលបន្តិច ទើបក្រុម Fresh Adventure និងនារីចល័តចរបានទៅដល់ទីសមគួរមួយល្មមអាចបោះតង់បាន ទើបសម្រេចថាសម្រាកនៅទីនោះ។ ហេតុអ្វីបានជាយើងសម្រេចចិត្តជ្រើសរើសយកទៅនោះ? គឺដោយសារទៅនោះមានពើងឬពយថ្មដាមួយដែលអាចគយគន់ទេសភាពទៅប៉ែកខាងក្រោមភ្នំ មើលឃើញទឹកដីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ធ្លោយដល់តំបន់ភ្នំពក-ភ្នំត្នោត ពោលគឺវិសាលភាពទេសភាពនៅទីនោះធំទូលាយណាស់។ ម្យ៉ាងទៀតនៅម្ដុំនោះក៏មានប្រភពទឹកដែលអាចឱ្យយើងយកមកប្រើប្រាស់បានមួយគ្រា ថែមទាំងជាទីមិនដែលមានអ្នកណាទៅលេង ឬបោះតង់នោះទេ។

ជាការពិតណាស់ បើតាមហ្កាយសហគមន៍បានប្រាប់ថា ពើងថ្មីនេះគឺមិនទាន់ឈ្មោះ ឬក៏មានអ្នកដាក់ឈ្មោះឱ្យឡើយ មានតែគេធ្វើដំណើរហួសទៅហួសមកចន្លោះពីវត្តថ្មបីនិងពើងតាបស។ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា លក្ខណៈពិសេសនៅទីនោះគឺសម្បូរទៅដោយដើមទ្រាំង ហើយអាចមើលទេសភាពទៅកាន់ស្រុកសង្គមថ្មី និងទស្សនាថ្ងៃរៀបលិចដ៏សែនស្រស់ស្អាតក្រៃលែង ក្រៅពីនេះគឺគ្រាន់តែមានព្រៃព្រឹក្សា ស្មៅព្រេច ក៏ដូចជាមានសិលាថ្មដាប៉ុណ្ណោះ។

នៅទីនោះដែរ ក្រុមការងារយើងនិងហ្កាយសហគមន៍បានសម្រាក ធ្វើម្ហូបអាហារហូបចុក បោះតង់ ចងអង្រឹង គយគន់ទេសភាពបៃតងស្រស់ខ្ចី។ នៅពេលល្ងាច ពួកយើងរីករាយសប្បាយនឹងទិដ្ឋភាពថ្ងៃរៀបលិច ជជែកគ្នាលេង សន្ទនាជាមួយហ្កាយសហគមន៍ជុំក្បែរភ្នក់ភ្លើង ស្ដាប់សំឡេងចង្រិតប្រគំកំដរនាពេលរាត្រី រួចហើយក៏ដល់ពេលចូលគេងយ៉ាងមានក្ដីសុខ។

ណ្ហើយ! សម្រាកកម្សាន្តមួយថ្ងៃមួយយប់ ថ្ងៃថ្មីក៏ចូលមកដល់ ក្រុមការងារយើងក៏រួតរះក្រោកទស្សនានិងថតទិដ្ឋភាពអរុណោទ័យ មុនទទួលទានអាហារពេលព្រឹកដែលប្រជាសហគមន៍រៀបចំជូន។ ស្រេចការណ៍ខាងលើនេះហើយ ក្រុមការងារ Fresh Adventure និងនារីចល័តចរក៏បានរៀបចំសម្ភារវិលត្រលប់មកវិញ។

កម្មវិធី Fresh Adventure មិនត្រឹមតែផ្សព្វផ្សាយបង្ហាញពីតំបន់សក្ដានុពលទេសចរណ៍ថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងជួយផ្ដល់ប្រាក់កម្រៃដល់ប្រជាសហគមន៍តាមរយៈការជួលសេវាកម្មនានារបស់ពួកគាត់ផងដែរ ហើយពួកយើងក៏តែងតែប្រកាន់ខ្ជាប់នូវការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន រួមទាំងការជួយជំរុញការថែរក្សាការពារបរិស្ថាន ព្រៃឈើ ធនធានធម្មជាតិ ក៏ដូចជាបញ្ហាសំរាមទៀតផងដែរ៕

សូមទស្សនាវីដេអូទី៤របស់ Fresh Adventure ដែលបានទៅដល់ភ្នំត្បែង ទឹកជ្រោះតាម៉ា ពិសេសគឺពើងថ្មីនោះ៖