(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានសហការជាមួយសាកលវិទ្យាល័យដៃគូរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យស្វាយរៀង ដើម្បីរៀបចំកម្មវិធីទិវាព័ត៌មាន (FOODI INFO DAY) នៅក្នុងគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

នៅក្នុងកម្មវិធីនេះមានការចូលរួមពី លោក ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងគ្រឹះស្ថានឧត្តមសិក្សាទាំងបួន មន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ព្រមទាំងបុគ្គលិកអប់រំ និងនិស្សិតចំនួន ៧០នាក់បានចូលរួមក្នុងពិធីនេះ។

ទិវានេះមានគោលបំណងចម្បង ក្នុងការផ្សព្វផ្សាយពីវឌ្ឍនភាពនៃគម្រោងបរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ ការចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុភាពទាក់ទងនឹងការគ្រប់គ្រងការផលិតចំណីអាហារ ឧស្សាហកម្មកែច្នៃចំណីអាហារនៅភូមិភាគឥសាន្តនៃប្រទេសកម្ពុជា ដើម្បីចែករំលែកដល់អ្នកពាក់ព័ន្ធទាក់ទងកម្មវិធីនេះ។

អង្គពិធីមានវាគ្មិនកិត្តិយសចំនួន ៤ រូប ដែលបានមកចូលរួមចែករំលែកបទបង្ហាញទាក់ទងនឹងអង្គការកែច្នៃអាហារ និងនវានុវត្តន៍ ដែលមានដូចជា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើប្រធានបទ Innovations Perspective and Policy លោកបណ្ឌិត ចាយ ជីម ព្រឹទ្ធបុរសរងមហាវិទ្យាល័យកសិ-ឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើប្រធានបទ Innovations of Agricultural Production Development in Cambodia លោកស្រី ជឺ ពន្លឺ គម្រោង
CAP-READ លើកប្រធានបទ CAP-RED’s Support on Food Innovation and Food Quality និងលោក សាយ ពន្លឺចិន្តៈករុណា អគ្គនាយកក្រុមហ៊ុន Sweet Royal Cambodia Pineapple លើប្រធានបទ Honey Pineapple Wine Production។

គម្រោង FOODI មានគោលបំណងសំខាន់ៗ ដូចជា កែលម្អគុណភាពអប់រំកម្រិតឧត្តមសិក្សានៅប្រទេសអាស៊ីទាំងបីរួមមានកម្ពុជា ម៉ាឡេស៊ី និងថៃ កែលម្អកម្រិតសមត្ថភាព និងជំនាញកម្រិតខ្ពស់សម្រាប់ទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស បើកបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កែច្នៃអាហារ និងនវានុវត្តន៍ នៅតាមសាកលវិទ្យាល័យដៃគូ, លើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងអន្តរជាតូបនីយកម្មនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាតាមរយៈការបង្កើតមជ្ឈមណ្ឌលឧត្តមភាពក្នុងការកែច្នៃអាហារ និងនវានុវត្តន៍ (FOODI)។

គម្រោង FOODI នេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងការកសាងសមត្ថភាពនៅកម្រិតឧត្តមសិក្សា ដោយបានទទួលហិរញ្ញប្បទានពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូសរុបចំនួន១៣ អង្គភាព។ ដៃគូទាំងនោះរួមមាន ប្រទេសកម្ពុជាមានក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យស្វាយរៀង។

ដោយឡែកដៃគូរក្រៅប្រទេសរួមមាន សាកលវិទ្យាល័យអេជីន រីដឡេប និងមហាវិទ្យាល័យមេត្រូប៉ូលីតានអាថែននៃប្រទេសក្រិក សាកលវិទ្យាល័យសិនឡេណូនៃប្រទេសអ៊ីតាលី សាកលវិទ្យាល័យឌូប្លីននៃប្រទេសអៀកឡង់ សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ាឡេស៊ី សាកលវិទ្យាល័យម៉ាឡាយ៉ សាកលវិទ្យាល័យបច្ចេកវិទ្យាម៉ារ៉ា និងសាកលវិទ្យាល័យកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ព្រមទាំងសាកលវិទ្យាល័យព្រីនសុងក្លា និងវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ីនៃប្រទេសថៃ៕