(ភ្នំពេញ)៖ ដើម្បីបន្តពង្រឹងសមត្ថភាពក្នុងវិស័យអប់រំឈានមុខគេតាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាថ្នាក់វិទ្យាល័យ និងការសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាយស៉ីអ៉ីអេស ខេមបូឌា ដែលជាបុត្រសម្ពន្ធនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសម្រេចចុះអនុស្សរណៈយោគយល់ ឬMoU សាជាថ្មីជាមួយនឹងសេវាកម្មផ្លាស់ប្ដូរវប្បធម៌អន្តរជាតិអាយស៉ីអ៉ីអេសប្រចាំប្រទេសថៃ បន្ទាប់ពីអនុស្សរណៈយោគយល់លើកដំបូងកំលុងឆ្នាំ២០១៩ ត្រូវបានបញ្ចប់។

ពិធីចុះហត្ថលេខាបន្តអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ក្រោមវត្តមានរបស់លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ, លោកស្រី រស់ យ៉ាណា ប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង, លោកស្រី Eun Lee នាយិកា SOGO (Study Overseas Go Overseas), រួមទាំងអ្នកតំណាងអាយស៉ីអ៉ីអេសប្រចាំប្រទេសថៃចំនួន៣រូប និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

នៅក្នុងព្រឹត្តិការណ៍ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឡើងវិញ គឺដើម្បីផ្ដល់ឱកាសដល់សិស្សានុសិស្សកម្ពុជាក្នុងការធ្វើដំណើរទៅសិក្សានៅក្រៅប្រទេស និងចូលរួមទស្សនកិច្ចសិក្សារយៈពេលខ្លីនៅក្រៅប្រទេសដោយរលូន តាមរយៈសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា អាយស៉ីអ៉ីអេស ខេមបូឌា (ICES Cambodia)។

ជាក់ស្តែង កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិអាយស៉ីអ៉ីអេស ត្រូវបានផ្តោតលើគោលបំណងចំនួនបីធំៗ៖

១៖ ការបញ្ជូនសិស្សថ្នាក់វិទ្យាល័យចាប់ពីថ្នាក់ទី៩ ដល់ទី១១ ទៅផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ជប៉ុន អ៉ីតាលី បារាំង អាល្លឺម៉ង់ ថៃ និងប្រទេសដទៃទៀត។
២៖ ការផ្តល់ឱកាសដ៏សម្រាប់សិស្សក្នុងការសិក្សាអំពីវប្បធម៌ផ្សេងទៀត ក៏ដូចជាការទទួលបទពិសោធថ្មី ទម្លាប់ថ្មី និងបង្កើតមិត្តភាពពេញមួយជីវិត។
៣៖ ការអនុញ្ញាតឱ្យសិស្សឈ្វេងយល់ពីខ្លួនឯងកំលុងពេលរស់នៅជាមួយគ្រួសារចិញ្ចឹមនៅសហអាមេរិក ឬប្រទេសផ្សេងៗ និងការចូលរៀននៅវិទ្យាល័យល្អៗដែលនឹងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។

យ៉ាងណាមិញ បើតាមលោកស្រី Eun Lee នាយិកា SOGO ដែលទទួលបន្ទុកនៃកម្មវិធីផ្លាស់ប្តូរការសិក្សា និងការសិក្សានៅក្រៅប្រទេស ហើយក៏ជាអតីតសិស្សផ្លាស់ប្តូរការសិក្សានៅសហរដ្ឋអាមេរិកផងដែរ នឹងជ្រើសរើសសិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ជំនាញភាសា និងមានមធ្យមភាគសិក្សាល្អ ដើម្បីបញ្ជូនពួកគេឱ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំ នៅរដ្ឋផ្សេងៗ នៅក្នុងសហរដ្ឋអាមេរិកតាមរយៈអាយស៉ីអ៉ីអេស ខេមបូឌា។

គួរបញ្ជាក់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពជោគជ័យ ក្នុងរយៈពេល៤ឆ្នាំកន្លងមក អាយស៉ីអ៉ីអេស ខេមបូឌា បានបញ្ជូនសិស្សថ្នាក់វិទ្យាល័យជាង២៥នាក់រួចទៅហើយ ដើម្បីក្រេបជញ្ជក់ចំណេះដឹងនៅក្រៅប្រទេស ខណៈអតីតសិស្សទាំងអស់ ក៏បានចែករំលែកអំពីបទពិសោធរបស់ពួកគេផងដែរថា កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១ឆ្នាំបានផ្លាស់ប្តូរជីវិតរបស់ពួកគេ និងបានផ្តល់នូវទស្សនៈបើកចំហទៅកាន់ពិភពលោក។

ក្នុងចំណោមអតីតសិស្សទាំងអស់ យុវតីឈ្មោះ សាំង សុណាឡែន បាននិយាយថា «ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយអាយស៉ីអ៉ីអេស និងការធ្វើដំណើរទៅសហរដ្ឋអាមេរិក គឺជាបទពិសោធដ៏អស្ចារ្យមួយដែលរួមចំណែកដល់ការអភិវឌ្ឍខ្លួនឯង និងតម្រង់ទិសជីវតិរបស់ខ្ញុំ ដោយបង្ហាញឱ្យឃើញថា ខ្ញុំចង់ក្លាយជាអ្នកណានាពេលអនាគត និងការឆ្ពោះទៅរកគោលដៅដ៏ពិតប្រាកដមួយ»

ក្រៅពីគោលបំណងសំខាន់ៗខាងលើ ពិធីចុះកិច្ចព្រមព្រៀងសារជាថ្មីនេះ គឺផ្តោតលើកត្តាជាច្រើនដែលជួយឱ្យយុវជនកម្ពុជា មានឱកាសបានសិក្សាឈ្វេងយល់ ក្រេបជញ្ជក់ពីភាពជឿនលឿនក្នុងប្រទេសដទៃ ជាពិសេស គឺវប្បធម៌ និងអ្វីដែលជាភាពរីកចម្រើនទាំងផ្នែកសមត្ថភាពកាយសម្បទា បញ្ញាស្មារតី ហើយសិស្សដែលចូលរួមជាសិស្សផ្លាស់ប្តូរការសិក្សា នឹងមានឱកាសសិក្សាក្នុងសាលាល្បីៗ ទស្សនាតំបន់ប្រវត្តិសាស្ត្រ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងកន្លែងកម្សាន្តជាច្រើន ដើម្បីយល់ដឹងអំពីវប្បធម៌ ប្រពៃណី និងចំណេះដឹងថ្មីៗ។

អស់រយៈពេលជិតបីទសវត្សរ៍មកហើយ ដែលសេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិ អាយស៉ីអ៉ីអេស បានលើកកម្ពស់សន្តិភាពពិភពលោក តាមរយៈការជំរុញការយល់ដឹងអន្តរជាតិ និងការយល់ដឹងអំពីវប្បធម៌សម្រាប់សិស្សរាប់ពាន់នាក់ សាលារៀន និងគ្រួសារចិញ្ចឹមជាច្រើន បន្ទាប់ពីការបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩១ ដោយមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។ ក្រោយមកទៀត សេវាកម្មបានពង្រីកភ្នាក់ងារជាច្រើននៅតាមបណ្តាប្រទេសនានា ខណៈប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមនោះផងដែរ។

គួរជម្រាបថា សេវាកម្មផ្លាស់ប្ដូរការសិក្សាអន្តរជាតិប្រចាំនៅប្រទេសកម្ពុជា ដែលត្រូវបានស្គាល់ឈ្មោះថា អាយស៉ីអ៉ីអេស ខេមបូឌា (ICES Cambodia) គឺជាភ្នាក់ងារផ្តល់សេវាកម្មផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សថ្នាក់វិទ្យាល័យនៅប្រទេសកម្ពុជាដែលមានបំណងចង់ផ្លាស់ប្តូរការសិក្សាដើម្បីមានឱកាសឈានជើងទៅក្រេបជញ្ជក់ចំណេះដឹងនៅតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ខណៈអាយស៉ីអ៉ីអេសត្រូវបានទទួលស្គាល់ជាលំដាប់អន្តរជាតិក្នុងការបង្ហាញផ្លូវសិស្សទៅរកកម្មវិធីសិក្សាដ៏ត្រឹមត្រូវ ការពិគ្រោះយោបល់ ក៏ដូចជាការតម្រង់ទិសទៅតាមក្ដីស្រមៃរបស់សិស្ស។

សម្រាប់ការសាកសួរបន្ថែម និងការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១០ ២៧៩ ៥៦៧, ០៦១ ៩២៤ ១៤១ ឬផ្ញើជាសារ Telegram: @sogo_icescambodia ឬ Subscribe មកកាន់ Telegram Channel របស់យើងខ្ញុំតាមរយៈ៖ http://t.me/sogo_ices