(តូក្យូ)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិសាម៉ូរៃជប៉ុន Hajime Moriyasu បានប្រកាសក្រុមបុរស ២៦នាក់សម្រាប់ការប្រកួតនៅព្រឹត្តិការណ៍ World Cup នាប្រទេសកាតាហើយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

មានតែកីឡាករចំនួន ៦នាក់ប៉ុណ្ណោះដែលមកពីក្រុមជម្រើសដំបូងរបស់ជប៉ុន។ បណ្តាក្លិបនៅអាល្លឺម៉ង់បានរួមចំណែកកីឡាករយ៉ាងច្រើនបំផុត សម្រាប់ក្រុមដែលដឹកនាំដោយលោក Moriyasu ជាមួយនឹងកីឡាករ ៧រូបមកពីក្លិបដែលលេងនៅលីគ Bundesliga ក្នុងនោះរួមទាំងកីឡាករប្រធានក្រុម Maya Yoshida ដែលនឹងលេងជាលើកទី៣ របស់លោកនៅ World Cup ផងដែរ។

មានកីឡារ ២រូបទៀតមកពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League។ ៣រូបមកពីក្លិបលេងនៅលីគកំពូលបារាំង Ligue 1 និងម្នាក់មកពីលីគអេស្ប៉ាញ La Liga។

«ពិតជាមានកីឡាករច្រើនរូបណាស់នៅក្នុងតំណែងទាំងអស់​ ដែលអាចត្រូវបានជ្រើសរើស» នេះបើតាមសម្តីលោក Moriyasu បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។ «វាពិតជាពិបាកខ្លាំងណាស់»

លោកបានលើកឡើងថា គោលដៅរបស់ជប៉ុន គឺឡើងដល់វគ្គ ៨ក្រុមចុងក្រោយជាលើកដំបូង។ «ខ្ញុំដឹងថា វាមិនមែនជាគោលដៅងាយស្រួលនោះទេ ប៉ុន្តែជាមួយនឹងការគាំទ្រពីអ្នកគាំទ្ររបស់យើង ខ្ញុំគិតថា យើងអាចសម្រេចវាបាន» គ្រូបង្វឹកបានលើកឡើងបន្ថែម។

ជប៉ុន ដែលស្ថិតក្នុងពូល E ជាមួយនឹងក្រុមអាល្លឺម៉ង់, អេស្ប៉ាញ និងកូស្តារីកានោះ ត្រូវការអព្ភូតហេតុសម្រាប់ការធ្វើដំណើរបានឆ្ងាយ។ កូស្តារីកា បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៅព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ២០១៤ នៅប្រេស៊ីលម្តងដែរ។

ក្រុមរបស់លោក Moriyasu នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា នៅថ្ងៃទី១១ ខែវិច្ឆិកា ហើយនឹងប្រកួតកំដៅសាច់ដុំចុងក្រោយរបស់ពួកគេ ប៉ះក្រុមកាណដា នៅថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងឌូបៃ មុនពេលប្រកួតបើកឆាកយុទ្ធនាការ World Cup របស់ពួកគេប៉ះក្រុមអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែវិច្ឆិកា៕