(បរទេស)៖ ម្ចាស់ Twitter ថ្មី និងជានាយកប្រតិបត្តិ (CEO) ថ្មី លោក Elon Musk បាននិយាយថា លោកគ្រោងនាំយកកម្មវិធីអាមេរិកមួយដែលមានឈ្មោះថា Vine ត្រឡប់មកវិញ ដែលជាកម្មវិធីបង្ហោះវីដេអូទម្រង់ខ្លីដែល Twitter បានទិញ និង បោះបង់ចោលជាយូរមកហើយ ចាប់តាំងពីមុនពេល TikTok លេចវត្តមានមកម្លេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ជុំវិញគម្រោងនាំយកសេវាកម្មចាស់ៗរបស់ Twitter ត្រឡប់មកកាន់ទីផ្សារពិភពលោកវិញលោក Elon Musk បានបង្ហោះសារស្ទង់មតិអ្នកប្រើប្រាស់នៅលើគណនី Twitter ផ្ទាល់របស់លោក ដោយមានអ្នកគាំទ្រឱ្យនាំយកកម្មវិធី Vine មកវិញប្រមាណ ៧០ភាគរយឯណោះ។ ទន្ទឹមនឹងនេះប្រភពពីគេហទំព័រព័ត៌មានអាមេរិក Axios បានឱ្យដឹងថា Musk គ្រោងនឹងដាក់ដំណើរការកម្មវិធីនេះនៅចុងឆ្នាំ២០២២ នេះតែម្តង ខណៈគោលបំណងរបស់ Musk គឺនាំយក Vine មកកាន់ទីផ្សារដើម្បីប្រកួតប្រជែងជាមួយនិងប្រជាប្រិយភាពរបស់ TikTok ដែលកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជុំវិញពិភពលោក។

គួរបញ្ជាក់ដែរថា Twitter បានទិញកម្មវិធី Vine ក្នុងអំឡុងឆ្នាំ២០១២ដែលមានតម្លៃខ្ទង់ ៣០លានដុល្លារ ដោយកម្មវិធីនេះស្រដៀងទៅនឹង TikTok ដែរប៉ុន្តែគេអនុញ្ញាតឱ្យបង្ហោះវីដេអូតែ ៦វិនាទីប៉ុណ្ណោះ។ ប៉ុន្តែត្រូវបាន Twitter បិទវិញនៅអំឡុងឆ្នាំ ២០១៦ មុនពេល TikTok ឈានជើងចូលទីផ្សារពិភពលោក ដែលធ្វើឱ្យស្ថាបនិកម្នាក់របស់ Vine សម្តែងការសោកសា្តយជាខ្លាំងដែលគាត់បានលក់វា៕