(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូត្រៃដ៏ល្បីរបស់កម្ពុជា ជា លីឃាង បានទទួលឱកាសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ Extreme Enduro Sanlim Husqvarna Championship 2022 លើកដំបូង នៅសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោក សេង តារា តំណាងសហគមន៍អ្នកជំនួញប្រទេសកូរ៉េ ដែលបានចាកចេញពីមាតុភូមិ កាលពីយប់មិញ ដើម្បីចូលរួមការប្រកួតដ៏ធំនាចុងសប្ដាហ៍នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្ដហោះ ជា លីឃាង បានសម្ដែងការសប្បាយចិត្ត ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ខាងលើ ដែលមាន ៦ប្រទេសចូលរួម គឺមានកម្ពុជា ជប៉ុន ថៃ រុស្ស៊ី ឆាយនីតៃប៉ិ និងម្ចាស់ផ្ទះកូរ៉េ។ រូបគេបានប្ដេជ្ញានឹងខិតខំប្រឹងប្រែង ក៏ដូចជាព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះជូនជាតិ ទោះបីរូបគេត្រូវប្រកួតលើវិញ្ញាសាថ្មីបែប Extreme Enduro ក៏ដោយ។

អ្នកលេងម៉ូតូត្រៃវ័យ ៣០ឆ្នាំប្លាយរូបនេះ បន្ដថា «ខ្ញុំទៅនេះ គឺតំណាងជាតិ ហើយក៏បាននាំទៅជាមួយនូវទង់ជាតិរបស់យើង សម្រាប់បង្ហាញក្នុងព្រឹត្តិការណ៍នេះ ដើម្បីឲ្យប្រទេសផ្សេងៗដឹងថា កម្ពុជាក៏មានប្រភេទកីឡានេះ ហើយមានកីឡាករចូលរួមប្រណាំងដែរ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់ជាច្រើន។ ខ្ញុំរំពឹងថា នឹងធ្វើឲ្យបានល្អ ដោយព្យាយាមដណ្ដើមយកជ័យជម្នះឲ្យបាន ដើម្បីនាំមកនូវកិត្តិយសជូនជាតិរបស់យើង»

លីឃាង បន្ដថា «នេះជាលើកទី១ ដែលខ្ញុំចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនៅកូរ៉េ។ វាជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំ តែខ្ញុំក៏នឹងព្យាយាមធ្វើឲ្យបានល្អ និងទទួលលទ្ធផលល្អ។ ហើយទៅថ្ងៃក្រោយៗទៀត យើងដឹងពីបទពិសោធន៍ យើងអាចត្រៀមលក្ខណៈយ៉ាងម៉េច? ហើយទៅលើកក្រោយ យើងមានសង្ឃឹមកាន់តែច្រើនជាងនេះទៀត ដើម្បីស្វែងរកជ័យជម្នះជូនកម្ពុជា»

ដោយឡែកលោក សេង តារា ក្នុងនាមអ្នកស្រលាញ់វិស័យកីឡាមួយនេះ បានសម្ដែងការសប្បាយចិត្ត ដែលអាចនាំយកកីឡាករកម្ពុជាចូលរួមព្រឹត្តិការណ៍ខាងលើ ព្រោះលោកចង់ឃើញវត្តមានកីឡាករកម្ពុជា ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ។ ស្របពេលទទួលបានដំណឹងថា កូរ៉េនឹងរៀបចំព្រឹត្តិការណ៍នេះ ហើយមានការអញ្ជើញបណ្ដាប្រទេសអាស៊ានចូលរួមផងនោះ លោកក៏បានជួបពិភាក្សាជាមួយកីឡាករ ជា លីឃាង ហើយឈានដល់ការឯកភាពចូលរួមតែម្ដង។

អ្នកជំនួញវ័យក្មេងរូបនេះ បន្ថែមថា «បន្ទាប់ពីទទួលដំណឹងពីព្រឹត្តិការណ៍នេះ គេមានការអញ្ជើញបណ្ដាប្រទេសអាស៊ាន ខ្ញុំក៏នឹងដល់កម្ពុជា ក៏មានវិស័យហ្នឹងដែរ ហើយខ្ញុំស្គាល់ ជា លីឃាង ស្រាប់ ក៏ពិភាក្សាគ្នា។ សមត្ថភាពរបស់គាត់ គឺជាកីឡាករឆ្នើមមួយរូប ទទួលជ័យលាភីលេខ១ ស្ទើរគ្រប់រដូវកាល។ អ៊ីចឹងខ្ញុំមានគំនិតមួយថា ចង់ឲ្យគាត់បង្ហាញសមត្ថភាព ទៅកាន់អន្ដរជាតិ ក៏ដូចជាម្ចាស់ផ្ទះកូរ៉េ ទី១-ស្គាល់ពីសមត្ថភាពកីឡាករកម្ពុជា ទី២-បើសិនជាការព្យាយាមរបស់យើងទទួលបានជោគជ័យ យើងនឹងលើកកិត្តិយសដល់ប្រទេសជាតិយើងផងដែរ»

យ៉ាងណាក្ដី នេះគ្រាន់តែជាជំហានចាប់ផ្ដើម ដែលលោកនាំយកកីឡាករកម្ពុជាត្រឹមតែម្នាក់ ចូលរួមព្រឹត្តិការណ៍ខាងលើ ដែលអាចជារៀបចំ ដើម្បីទទួលបានបទពិសោធន៍ក្នុងការបញ្ជូនកីឡាករកម្ពុជាចូលរួម។ បើសិនការចូលរួមលើកដំបូងនេះ ដំណើរការល្អ លោកនឹងបន្ដរៀបចំឲ្យមានកីឡាករកម្ពុជាផ្សេងៗ បានចូលរួមជាលក្ខណៈក្រុមតែម្ដង។ ហេតុនេះ លោកបានលើកទឹកចិត្តដល់កីឡាករផ្សេងៗ ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសចូលរួមប្រកួតលើឆាកអន្ដរជាតិ និងផ្សព្វផ្សាយឲ្យគេស្គាល់ពីវិស័យកីឡាម៉ូតូត្រៃនៅកម្ពុជា។ លោក សេង តារា បន្ថែម។

គួរដឹងថា ព្រឹត្តិការណ៍ Extreme Enduro Sanlim Husqvarna Championship 202 នឹងធ្វើឡើង ៣ថ្ងៃ ពីថ្ងៃទី០៣-០៦ ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅសាធារណរដ្ឋកូរ៉េ។ សម្រាប់ ជា លីឃាង នេះជាលើកដំបូងហើយ ដែលគេចូលរួមប្រកួតលក្ខណៈអន្ដរជាតិលើវិញ្ញាសា Extreme Enduro។ លីឃាង ពន្យល់ថា វិញ្ញាសានេះ គឺប្រកួតលក្ខណៈឡើងភ្នំ ជិះតាមជើងភ្នំ និងច្រលងភ្នំ ខុសពីវិញ្ញាសា Super Cross ដែលខ្លួនធ្លាប់លេងកន្លងមក។ តែយ៉ាងណារូបគេនឹងប្រើបច្ចេកទេស ក៏ដូចជាបទពិសោធន៍ខ្លួនមាន ដើម្បីធ្វើឲ្យបានល្អក្នុងបេសកកម្មនេះ៕