(បរទេស)៖ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ពីអ្នកប្រើប្រាស់ជុំវិញផែនការបង់ប្រាក់នៅលើ Twitter ដើម្បីទទួលបានសញ្ញាគ្រីសព័ណ៌ខៀវក្នុងតម្លៃ ១៩.៩៩ដុល្លារក្នុងមួយខែ ពេលនេះនាយប្រតិបត្តិ Twitter ថ្មីលោក Elon Musk សម្រេចផ្លាស់ប្ដូរតម្លៃនោះហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

មុននេះបន្តិចលោក Elon Musk បានឱ្យដឹងថា Twitter សម្រេចទម្លាក់ផែនការគិតប្រាក់មុខងារ Twitter Verification ឬមុខងារ Twitter Blue មកត្រឹមតែ ៨ដុល្លារក្នុងមួយខែដែលជំនួសឱ្យ ១៩.៩ដុល្លារ ដែលបានប្រកាសកាលពីសប្តាហ៍មុន។ តែយ៉ាងណា Twitter មិនទាន់បញ្ចេញសេចក្តីថ្លែងការណ៍លម្អិតណាមួយទាក់ទិននឹងការលើកឡើងរបស់នាយកប្រតិបត្តិថ្មីរូបនេះនោះទេ។

គួរបញ្ជាក់ដែរថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពី Twitter បានដាក់ចេញគម្រោងបង់ថ្លៃក្នុងតម្លៃ ១៩.៩៩ដុល្លារក្នុងមួយខែសម្រាប់មុខងារ Twitter Blue លើសពីនេះទៀតចំពោះគម្រោងនេះអ្នកប្រើប្រាស់ដែលបាន Verified រួចគឺមានរយៈពេល ៩០ថ្ងៃដើម្បីធ្វើការបង់ប្រាក់មុខងារ Twitter Blue នេះសារជាថ្មី បើមិនដូច្នេះទេអ្នកប្រើប្រាស់មុខងារនេះក៏នឹងអាចត្រូវបាត់បង់សញ្ញាគ្រីសសម្គាល់ចេញពីគណនី Twitter វិញដែរ។ ខណៈគម្រោងនេះបានធ្វើឱ្យអ្នកប្រើប្រាស់ មានការខឹងសម្បារជាខ្លាំង ដែលបណ្តាលឱ្យមានការសម្រេចចិត្តទម្លាក់ផែនការពី Musk ភ្លាមៗតែម្តង៕